អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៦នេះ  បានបញ្ជាក់ពី ជំហរដាច់ខាតរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ចំពោះមុខការរំលោភបំពានពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ នៅតាមបណ្តោយព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។

តាមរយៈសេចក្តីប្រកាសនេះ រាជរដ្ឋាភិបាលបានលើកឡើងនូវចំណុចសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖

១. ការតវ៉ាចំពោះការដាក់របាំង និងសាងសង់ផ្លូវខុសច្បាប់

កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជាបានដាក់លិខិតតវ៉ាជាផ្លូវការ បន្ទាប់ពីភាគីថៃបានប្រើប្រាស់កងកម្លាំងយោធាដើម្បីបិទផ្លូវដោយប្រើកុងតឺន័រ និងសាងសង់ផ្លូវចូលក្នុងទឹកដីកម្ពុជា។ សកម្មភាពនេះបានកើតឡើងក្នុងអំឡុងពេលនៃការវាយលុកពីថ្ងៃទី៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងនៃកិច្ចប្រជុំ GBC និងរារាំងដល់ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកកម្ពុជា។

២. ការបដិសេធលើការទាមទារប្រាសាទតាក្របី និងតាមាន់

រាជរដ្ឋាភិបាលកម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់រដ្ឋមន្ត្រីវប្បធម៌ថៃ ដែលចង់គ្រប់គ្រងប្រាសាទតាក្របី និងតំបន់ប្រាសាទតាមាន់។ កម្ពុជាបញ្ជាក់ថា ទីតាំងប្រវត្តិសាស្ត្រទាំងនេះ គឺជាដែនអធិបតេយ្យរបស់កម្ពុជាទាំងស្រុង យោងតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ដែលជាមូលដ្ឋានផ្លូវច្បាប់ដូចគ្នានឹងសាលដីកាតុលាការអន្តរជាតិ (ICJ) ឆ្នាំ១៩៦២ ក្នុងរឿងក្តីប្រាសាទព្រះវិហារដែរ។

៣. ការជំរុញយន្តការគណៈកម្មការចម្រុះខណ្ឌសីមា (JBC)

កម្ពុជានៅតែប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី ដោយផ្អែកលើសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានយល់ព្រមប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) បន្តការងារវាស់វែងខ្សែព្រំដែនអន្តរជាតិឱ្យបានត្រឹមត្រូវ។

៤. ការគាំទ្រពីសហគមន៍អន្តរជាតិ

សហគមន៍តំបន់ និងអន្តរជាតិ បានបង្ហាញការគាំទ្រដល់បទឈប់បាញ់ និងជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងចៀសវាងការប្រើប្រាស់កម្លាំងបាយ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពរំលោភបំពានភ្លាមៗ ដើម្បីរក្សាសន្តិសុខក្នុងតំបន់ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។

៥. ជំហរប្តូរផ្តាច់ការពារខ្សែព្រំដែនមិនកែប្រែ

កម្ពុជាប្រកាសការពារខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ Uti Possidetis Juris (ខ្សែព្រំដែនមិនកែប្រែ)។ រាជរដ្ឋាភិបាលបញ្ជាក់យ៉ាងច្បាស់ថា «មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធានោះឡើយ»

ប្រភព៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Share.