ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា លទ្ធផលនៃការបោះឆ្នោតសកលនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីគឺ ជប៉ុន និងការបោះឆ្នោតនៅប្រទេសថៃ បានបង្ហាញពីការផ្លាស់ប្តូរនយោបាយដ៏សំខាន់ គួរជាទីកត់សម្គាល់ ដោយសារតែមេដឹកនាំបក្សអភិរក្សនិយមទាំងនៅប្រទេសជប៉ុន និងប្រទេសថៃ សុទ្ធតែទទួលបានជ័យជម្នះយ៉ាងលើសលប់ ហួសពីការរំពឹងទុក។
១. ប្រទេសថៃ៖ ជ័យជម្នះរបស់លោក អនុទីន ឆានវីរៈកុល

លោក អនុទីន ឆានវីរៈកុល បានដឹកនាំគណបក្សភូមិចៃថៃរបស់ខ្លួន ឱ្យទទួលបានសំឡេងឈ្នះដាច់គេចំពេលដែលមានការដុតចរន្តជាតិនិយមឱ្យមានកម្ដៅដូចទឹកកំពុងដាំពុះ ខណៈដែលអ្នកវិភាគមើលឃើញថា ការបង្កើតរដ្ឋាភិបាលចម្រុះម្ដងនេះនឹងមានស្ថិរភាពជាងមុន។ យោងតាមលទ្ធផលបឋម (រាប់បានជាង ៩៤%) គណបក្សភូមិចៃថៃ មានពិន្ទុនាំមុខគេដាច់ តាមពីក្រោយដោយគណបក្សប្រជាជន ក្នុងចំណាត់ថ្នាក់លេខ ២ និងគណបក្សភឿថៃក្នុងចំណាត់ថ្នាក់លេខ ៣។
លោក ណាត់តៈភុង រឿងបញ្ហាវុឌ្ឍ មេដឹកនាំគណបក្សប្រជាជន បានទទួលស្គាល់បរាជ័យ ដោយបញ្ជាក់ថា គណបក្សលោកនឹងមិនចូលរួមក្នុងរដ្ឋាភិបាលដែលដឹកនាំដោយភូមិចៃថៃឡើយ ហើយក៏នឹងមិនបង្កើតប្លុកនយោបាយដើម្បីប្រកួតប្រជែងដែរ។ អ្នកវិភាគបានលើកឡើងថា លោក អនុទីន បានប្រើប្រាស់ “ចរន្តជាតិនិយម” ជុំវិញករណីជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា កាលពីអំឡុងខែធ្នូ ជាឧបករណ៍ដើម្បីកសាងប្រជាប្រិយភាព។ ក្រៅពីនេះ ក៏មានកិច្ចសហការរវាងក្រុមអ្នកបច្ចេកទេស ក្រុមឥស្សរជនជាន់ខ្ពស់ អ្នកនយោបាយជើងចាស់និងបុគ្គលមានឥទ្ធិពលក្នុងនយោបាយថៃចាំជួយ Support និងចាំជួយ Backup ពីក្រោយផងដែរ។
២.ប្រទេសជប៉ុន៖ ជ័យជម្នះរបស់លោកស្រី សាណាអិ តាកាអ៊ីឈិ

សម្រាប់ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីលោកស្រី សាណាអិ តាកាអ៊ីឈិ និងគណបក្សសេរីប្រជាធិបតេយ្យ គឺជាគណបក្សតែមួយគត់ដែលទទួលបានអាសនៈលើសពីពាក់កណ្តាល (២៣៣ អាសនៈ) យ៉ាងឆាប់រហ័សក្នុងរយៈពេលមិនដល់ ២ ម៉ោងបន្ទាប់ពីបិទហិបឆ្នោត។
គេរំពឹងថា បក្សនេះនឹងគ្រប់គ្រងអាសនៈក្នុងសភាជាន់ទាបបានរហូតដល់ ៣២៨ ក្នុងចំណោម ៤៦៥ អាសនៈ។ ជ័យជម្នះនេះ នៅពេលបូកបញ្ចូលជាមួយបក្សសម្ព័ន្ធមិត្តដូចជា បក្សនវានុវត្តន៍ជប៉ុន នឹងធ្វើឱ្យលោកស្រី តាកាអ៊ីឈិ គ្រប់គ្រងសំឡេង ២ ភាគ ៣ នៃសភា ដែលជួយឱ្យលោកស្រីងាយស្រួលក្នុងការជំរុញច្បាប់ផ្សេងៗ ទោះបីជាមានការជំទាស់ពីសភាជាន់ខ្ពស់ក៏ដោយ។
លោកស្រី សាណាអិ តាកាអ៊ីឈិ បានបញ្ជាក់ជំហរថានឹងបន្ត នយោបាយកាត់បន្ថយពន្ធ និងការពង្រឹងសន្តិសុខ ទោះបីជាទីផ្សារហិរញ្ញវត្ថុមានការព្រួយបារម្ភចំពោះបន្ទុកបំណុលសាធារណៈក៏ដោយ។ ខណៈពេលដែលតម្លៃប្រាក់យ៉េនបានធ្លាក់ចុះបន្តិចដល់កម្រិត ១៥៧.៩៥ យ៉េនក្នុងមួយដុល្លារ កាលពីព្រឹកថ្ងៃច័ន្ទ មុនពេលងើបឡើងវិញ៕

