ទោះជាលទ្ធផលនៃការបោះឆ្នោតនៅថៃ ដែលអាជ្ញាធរជាតិរៀបចំការបោះឆ្នោតបានចេញមកប្រកាសថាការរាប់សន្លឹកឆ្នោតបានរហូតដល់៩៤% ទូទាំងភាគរយ ហើយជ័យជំនះជាបណ្ដោះអាសន្នតែវ៉ាដាច់គេដាច់ឯងគឺបានទៅ នាយកណ្ដុរ អនុទិន ពីបក្សភូមិចៃថៃក្ដី ប៉ុន្តែពលរដ្ឋ និងនិស្សិតម្ខាងទៀតហាក់មិនពេញចិត្ត និងមិនទទួលយកនូវលទ្ធផលដែលបានចេញនេះឡើយ។

បញ្ហាចម្រូងចម្រាសនៃការបោះឆ្នោតនៃប្រទេសថៃនេះបានឈានដល់ចំណុចក្ដៅនិងបង្កឱ្យកើតមានភាពវឹកវរនិងចលាចល អាស្រ័យដោយមាន យុវជនជាសិស្ស និស្សិត និងប្រជាពលរដ្ឋនៅខេត្តចំនួន២ គឺខេត្តមហាសារ៉ាខាម និងខេត្តឈុនបុរី ហ៊ានចេញមុខតតាំងនិងបានលើកកម្លាំងមកឈរចាំយាមហឹបឆ្នោតទាំងយប់អាធ្រាត្រ។

រាល់ទង្វើនិងសកម្មភាពរបស់ពលរដ្ឋមិនមែនគ្រាន់តែជាការសម្ដែងនូវមតិធម្មតានោះទេ តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិបត្តិទំនុកចិត្តរបស់ពលរដ្ឋទៅលើស្ថាប័នមានសមត្ថកិច្ចរៀបចំការបោះឆ្នោតនៅក្នុងប្រទេសថៃ ដែលកំពុងរងព្រនង់ពីពលរដ្ឋ ដោយសារតែបញ្ហា ខ្វះតម្លាភាព និងបានបំពានលើគោលការណ៍ច្បាប់បោះឆ្នោត។

យោងតាមកាសែត Khaosod ផ្សាយនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះឱ្យដឹងថា នៅខេត្តមហាសារ៉ាខាម ការប្រើប្រាស់ក្រដាសបិទកែតួលេខលើក្តារប្រកាសលទ្ធផល គឺជាសញ្ញាណអវិជ្ជមានដ៏អាក្រក់មួយមិនគួរឱ្យកើតមានឡើយ។ តាមគោលការណ៍ច្បាប់បោះឆ្នោតជាសកល និងច្បាប់បោះឆ្នោតថៃ តួលេខនៃសន្លឹកឆ្នោតត្រូវតែមានសង្គតភាព តាំងពីការិយាល័យបោះឆ្នោតរហូតដល់មណ្ឌលសរុបលទ្ធផល។  ការដែលពិន្ទុបេក្ខភាពម្នាក់កើនឡើងជាង ១០០ ពិន្ទុ ភ្លាមៗដោយគ្រាន់តែការបិទក្រដាសកែប្រែ គឺជាកំហុសបច្ចេកទេសដែលនិស្សិតថៃជាច្រើននាក់ប្រកែកមិនអាចទទួលយកបាន និងបានចោទថារំលោភលើ សិទ្ធិដឹងលឺពីម្ចាស់សំឡេងសន្លឹកឆ្នោត។

រីឯមួយករណីទៀតដែលបានផ្សាយដោយសារព័ត៌មាន Matichon នៅព្រឹកថ្ងៃដដែលនេះ ក៏បានឱ្យដឹងថា នៅខេត្តឈុនបុរី កាន់តែបង្កឱ្យមានការសង្ស័យខ្លាំង នៅពេលដែលរកឃើញភស្តុតាងសំខាន់ៗដូចជា ក្រដាសរាប់ពិន្ទុ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលមានទិន្នន័យឯកជនភាព ត្រូវបានគេយកទៅបោះចោលក្នុងធុងសំរាម ដែលជាការល្មើសនឹងច្បាប់ស្តីពីការបោះឆ្នោតសមាជិកសភា ឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ត្រូវតែរក្សាទុកជាភស្តុតាងក្នុងរយៈពេលដែលច្បាប់កំណត់ ដើម្បីទុកសម្រាប់ការតវ៉ា ឬការត្រួតពិនិត្យឡើងវិញ។

ប្រជាពលរដ្ឋថៃបានថ្កោលទោសចំពោះការបោះចោលភស្តុតាងទាំងនេះ គឺជាការបំផ្លាញភស្តុតាងដែលអាចឈានទៅដល់ការបន្លំសន្លឹកឆ្នោតបានយ៉ាងងាយស្រួល។ លើសពីនេះ ប្រជាពលរដ្ឋថៃរកឃើញថា ការដែលហឹបឆ្នោតគ្មានខ្សែចងសម្គាល់ត្រឹមត្រូវ គឺជាការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរដែលប៉ះពាល់ដល់ តម្លាភាពនៃការរាប់សន្លឹកឆ្នោតដ៏ត្រឹមត្រូវ។ ជាការស្រាយបំភ្លឺជុំវិញករណីមិនប្រក្រតីទាំងអស់នោះ មន្ត្រី គ.ជ.ប ថៃនៅមូលដ្ឋានអះអាងថា ពួកគេគ្មានអំណាចសម្រេចចិត្ត និងត្រូវរង់ចាំបញ្ជាពីប្រធានមជ្ឈមណ្ឌល ដែលកាន់តែជំរុញឱ្យស្ថានការណ៍បង្កើតជាភាពតានតឹងកាន់តែខ្លាំងឡើង។

ករណីរាប់សន្លឹកឆ្នោតដែលមិនប្រក្រតីដែលកំពុងកើតឡើងនៅខេត្តមហាសារ៉ាខាម និងឈុនបុរី មិនមែនគ្រាន់តែជាកំហុសបច្ចេកទេសរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ដែលចែងយ៉ាងច្បាស់ថា ការបោះឆ្នោតត្រូវតែប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ជុំវិញព្រឹត្តិការណ៍បោះឆ្នោតជាសកលនៅក្នុងប្រទេសថៃចាប់តាំងពីថ្ងៃទី ៨ ខែកុម្ភៈ រហូតដល់ព្រឹកថ្ងៃទី ១០ ខែកុម្ភៈ នេះ អ្នកឃ្លាំមើលយល់ឃើញថា កម្លាំងបាតុកម្មរបស់និស្សិត និងប្រជាពលរដ្ឋថៃនៅអំឡុងពេលនេះ គឺជាការរំលឹកដល់ស្ថាប័នរដ្ឋថៃថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រគឺជាការផ្ដល់អំណាចនិងសិទ្ធសេរីភាពពិតប្រាកដដល់ប្រជាពលរដ្ឋឱ្យជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត មិនមែនជាការជ្រើសតាំង ឬចាត់តាំង ដោយអំណាចបក្សពួកនិយមតាមអំពើចិត្តនោះទេ។

ខណៈនេះប្រជាពលរដ្ឋថៃកំពុងតែស្រែកទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញដោយតម្លាភាព ដែលជាផ្លូវចេញតែមួយគត់ ដើម្បីបញ្ឈប់វិបត្តិទំនុកចិត្ត ដែលកំពុងឆាបឆេះនេះ៕

Share.