ភាពជោគជ័យយ៉ាងគំហុករបស់គណបក្សភូមិចៃថៃ ក្រោមការដឹកនាំរបស់លោក អនុទីន ឆានវីរៈកុល ដែលទទួលបានអាសនៈនាំមុខដាច់នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៦ នេះ កំពុងរងការរុះរើដោយកម្លាំងបាតុកម្មរបស់ប្រជាពលរដ្ឋនិងនិស្សិតថៃ។ ខណៈដែលតួលេខបង្ហាញពីជ័យជម្នះដ៏អស្ចារ្យ វ៉ាដាច់គេឯងមិនធ្លាប់មាន ប៉ុន្តែនៅពីក្រោយវាំងននខ្មៅនៃមណ្ឌលបោះឆ្នោត ជាពិសេសនៅតំបន់ខ្លងហុក ខេត្តបទុមធានី ភាពមិនប្រក្រតីដែលប្រជាពលរដ្ឋហៅថា កលល្បិចលេង ៤ សន្លឹករបស់បក្សភូមិចៃថៃ កំពុងត្រូវបានបកអាក្រាតជាសាធារណៈ។

និស្សិតថៃចាត់ទុកថា តម្លាភាពនៃការបោះឆ្នោតត្រូវបានបំផ្លាញភ្លាមៗ នៅពេលដែលមន្ត្រីមណ្ឌលបោះឆ្នោតត្រូវបានរកឃើញថា បានយកវាំងននក្រណាត់ខ្មៅ មកគ្របបិទកាមេរ៉ាសុវត្ថិភាព CCTVក្នុងអំឡុងពេលរាប់សន្លឹកឆ្នោត។ ការតវ៉ារបស់និស្សិតជាង ៣០០ នាក់នៅសាកលវិទ្យាល័យបច្ចេកវិទ្យារាជមង្គល គឺជាភស្តុតាងរស់ដែលបង្ហាញថា ជ័យជម្នះរបស់បក្សភូមិចៃថៃនៅក្នុងតំបន់ខ្លះ អាចកើតឡើងក្នុងវាំងននខ្មៅងងឹតដែលគ្មានការសង្កេតការណ៍ពីមហាជន បានត្រឹមត្រូវ ឬមានអ្នកបានទៅសង្កេតនៅផ្ទាល់នឹងកន្លែង។

ការបណ្ដេញអ្នកសង្កេតការណ៍ត្រូវបានទម្លាយចេញមកថា មន្ត្រីរដ្ឋបាលបានប្រើអំណាចរារាំងមិនឱ្យយុវជន និស្សិតនិងអ្នកសង្កេតការណ៍ចូលទៅជិតហឹបឆ្នោត នៅអំឡុងពេលរាប់សន្លឹកឆ្នោតជាក់ស្ដែងនោះទេ។ លេសដែលថា វាជាការរំខានដល់ការបំពេញការងាររបស់ក្រុមមន្ត្រីពុករលួយទាំងនោះ ត្រូវបានប្រជាពលរដ្ឋមើលឃើញថា វាគ្រាន់តែជាហេតុផលបង្កើតរបាំងការពារ ដើម្បីរៀបចំសន្លឹកឆ្នោតតាមអំពើចិត្តបក្សពួកនិយម ជាពិសេសគឺសន្លឹកឆ្នោតក្លែងក្លាយដែលផ្ញើមកពីក្រៅ និងការបោះឆ្នោតមុនកាលកំណត់ ដែលជាប្រភពអាសនៈដ៏សំខាន់របស់បក្សកាន់អំណាចសព្វថ្ងៃនេះ។

នៅអំឡុងពេលរាប់សន្លឹកឆ្នោតជាក់ស្ដែង ក៏បានលេចចេញនូវរូបបិទហឹបឆ្នោតដោយគ្មានតម្លាភាពនៅខេត្តបទុមធានី ត្រូវបានក្រុមអ្នកតវ៉ាបានបកអាក្រាតថា មន្ត្រីរៀបចំការបោះឆ្នោតភ្លាមៗស្រាប់តែបានរាយការណ៍ថា រាប់រួចរាល់ និងបិទហឹបភ្លាមៗ នៅពេលដែលប្រជាពលរដ្ឋព្យាយាមចូលទៅត្រួតពិនិត្យអង្កេតការណ៍ការពិត។

ហេតុការណ៍រាប់សន្លឹកឆ្នោតដែលធ្វើឡើងតែក្នុងចំណោមមន្ត្រីរាជការ គ្មានតំណាងបក្សប្រឆាំង ឬតំណាងអង្កេតការណ៍សង្គមស៊ីវិលចូលរួម គឺជាចំណុចសង្ស័យដែលធ្វើឱ្យលទ្ធផលនាំមុខដាច់របស់បក្សលោក អនុទីន ក្លាយជាសំណួរដ៏ធំសម្រាប់សង្គមថៃទាំងមូលថា បានសំឡេងគាំទ្រមកពីណាអីក៏ខ្លាំងក្លាម្លេះ? ជាការកត់សម្គាល់ ក្រុមនិស្សិត និងពលរដ្ឋថៃចាត់ទុកថា ភាពជោគជ័យរបស់បក្សភូមិចៃថៃ ជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងប្រព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋាន។

នៅពេលមានការតវ៉ាមន្ត្រីគណៈកម្មាធិការបោះឆ្នោត ច្រើនតែប្រើល្បិច រុញដាក់គ្នាដោយអះអាងថាគ្មានអំណាចសម្រេច និងតម្រូវឱ្យពលរដ្ឋរង់ចាំនីតិវិធីដ៏យូរអង្វែង រហូតលែងមានដំណោះស្រាយតែម្ដង។ ពួកគេចាត់ទុកថា បក្សភូមិចៃថៃចូលចិត្តប្រើល្បិចកលពន្យារពេល ដើម្បីឱ្យលទ្ធផលផ្លូវការត្រូវបានប្រកាស ហើយការតវ៉ានឹងត្រូវរលាយសាបសូន្យទៅតាមពេលវេលា។ បច្ចុប្បន្ន ក្រុមនិស្សិត និងពលរដ្ឋបានព្រមានថា បើគ្មានចម្លើយសមស្រប ឬការអនុញ្ញាតឱ្យរាប់សន្លឹកឆ្នោតឡើងវិញដោយតម្លាភាពទេនោះ ពួកគេអាចនឹងពង្រីកវិសាលភាពនៃការតវ៉ាឱ្យកាន់តែធំជាងនេះ។

ហេតុការណ៍នៅខេត្តបទុមធានីនេះ កំពុងក្លាយជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអាចនឹងបង្កជាផលវិបាកដល់ភាពស្របច្បាប់នៃលទ្ធផលបោះឆ្នោតសកលទូទាំងប្រទេស ប្រសិនបើមានករណីស្រដៀងគ្នានេះត្រូវបានរកឃើញនៅតាមមណ្ឌលដទៃទៀតផងដែរ។ ដូច្នោះបើទោះបីជាបក្សភូមិចៃថៃរបស់លោក អនុទីន អាចនឹងក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលអាណត្តិទី ៣៣ ក៏ដោយ ប៉ុន្តែប្រសិនបើជ័យជម្នះនេះកើតចេញពី កលល្បិចលេង ៤ សន្លឹកឆ្ពិនភ្នែកពិតមែននោះ ស្ថិរភាពនៃរដ្ឋាភិបាលថ្មីនឹងត្រូវប្រឈមមុខនឹងព្យុះបាតុកម្មជាក់ជាមិនខាន៕

Share.