តាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា កម្ពុជា បានតវ៉ាជំទាស់យ៉ាងខ្លាំងទៅនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ បានបន្តធ្វើសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ ដែលមិនត្រឹមតែជាការរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរវាងប្រទេសជិតខាងទាំងពីរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ការតវ៉ានេះធ្វើឡើងបន្ទាប់ ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀត ត្រូវបាន យោធាថៃវាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក។ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅ ចន្លោះ បង្គោលព្រំដែនលេខ៤៦ និង៤៧. មានការជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទាំង ការចាក់ ដីលុបស្រះទឹក។

សកម្មភាពទាំងនេះ ដែលបានកែប្រែភូមិសាស្ត្រនៃតំបន់នោះ គឺជាការប៉ុនប៉ងយ៉ាងជាក់ ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់នៃទឹកដីកម្ពុជា។ ទង្វើទាំងនេះ បំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងចំណុចទី១ នៃសេចក្ដីប្រកាសរួម នៃ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី វិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែន ចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេចំពោះ ការដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធី និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាជាមួយ ប្រទេសជិតខាងទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនេះ ប្រកាន់ភ្ជាប់នូវគោលជំហរ ជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ។

កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឯកតោភាគី ដែលបង្កឱ្យមានភាពតានតឹងនៅតំបន់ព្រំដែន។ សន្តិភាព និងមិត្តភាពអាចកើតមានទៅបាន លុះត្រាតែមានការគោរពគ្នាទៅវិញទៅមកលើបន្ទាត់ព្រំដែនដែលត្រូវបានកំណត់ដោយច្បាប់ និងប្រវត្តិសាស្ត្រ ហើយកម្ពុជានឹងមិនងាករេចំពោះការការពារទឹកដីដូនតារបស់ខ្លួនឡើយ៕

Share.