បាងកក៖ ចំពេលដែលមានការសង្ស័យកាន់តែខ្លាំងឡើងជុំវិញអំពើពុករលួយ និងការលួចបន្លំសន្លឹកឆ្នោត នាយករដ្ឋមន្ត្រីថៃ លោក អានុទិន ឆាន់វីរកូល នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានចេញមុខការពារគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) យ៉ាងពេញទំហឹង ដោយអះអាងថា «គ្មានការក្លែងបន្លំ» និងបានព្រមានកុំឱ្យមានការដាក់សម្ពាធ ដែលនាំឱ្យមានការអូសបន្លាយពេលក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងដល់អ្នកដែលចង់តវ៉ា និងជាយុទ្ធសាស្ត្ររារាំងការបង្កើតរដ្ឋាភិបាលថ្មីដែលមិនមែនជាបក្សពួកខ្លួន។

ជំហររបស់លោក អានុទិន ត្រូវបានគេមើលឃើញថា ជាការព្យាយាមបង្វែរសំណួរពីភាពមិនប្រក្រតីដែលកើតឡើងក្នុងអំឡុងពេលបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅ ជាពិសេសការប្រើប្រាស់អំណាចក្រសួងមហាផ្ទៃដើម្បីកៀរគរសន្លឹកឆ្នោត។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក អានុទិន បានអះអាងថា ឱកាសនៃការលួចបន្លំ «ស្ទើរតែមិនអាចកើតមាន» ទោះបីជាមានបណ្ដឹង និងការរកឃើញភាពមិនប្រក្រតីជាច្រើនក៏ដោយ។ ការលើកឡើងនេះ ត្រូវបានគេរិះគន់ថា ជាការបិទភ្នែកមិនមើលការពិត ដើម្បីការពារផលប្រយោជន៍បក្សភូមិចៃថៃ (Bhumjaithai) របស់លោក។

ស្របពេលដែលលោក សុឆាត ឆមខ្លីន (Suchart Chomkhon) ឧបនាយករដ្ឋមន្ត្រី បានដាក់លិខិតផ្លូវការទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដើម្បីសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេស លោក អានុទិន បែរជាចំអក និងរុញច្រានថា លោក សុឆាត គ្មានសិទ្ធិសម្រេចនោះទេ។

មែនទែនទៅ នាយករដ្ឋមន្ត្រីរូបនេះបានរំលឹកថា ច្បាប់អនុញ្ញាតឱ្យមានពេលដល់ទៅ ៦០ថ្ងៃ ក្នុងការប្រកាសលទ្ធផលជាផ្លូវការ។ ការណ៍នេះត្រូវបានអ្នកវិភាគមើលឃើញថា ជាយុទ្ធសាស្ត្រ «ទិញពេលវេលា» ដើម្បីសម្របសម្រួលអំណាច និងរារាំងក្រុមប្រឆាំងមិនឱ្យតវ៉ាពីភាពមិនស្មោះត្រង់នៃការបោះឆ្នោតក្នុងប្រទេសរបស់ខ្លូន។

យ៉ាងណាម៉ិញ ទង្វើនេះបង្ហាញពីការបែកបាក់សាមគ្គីផ្ទៃក្នុង ក្នុងជួររដ្ឋាភិបាល និងការព្រួយបារម្ភរបស់នាយកកណ្ដុររូបនេះ ចំពោះលទ្ធផលដែលអាចនឹងប្រែប្រួលប្រសិនបើមានការរាប់សន្លឹកឆ្នោតឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ សេចក្ដីថ្លែងការណ៍របស់លោក អានុទិន មិនត្រឹមតែបង្ហាញពីការការពារគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃការព្យាយាមរក្សារដ្ឋាភិបាលបច្ចុប្បន្នឱ្យនៅបន្តអំណាច (Caretaker Government) ឱ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន ប្រសិនបើដំណើរការបង្កើតរដ្ឋាភិបាលថ្មីមិនស្របតាមបំណងរបស់លោក៕

ប្រភព៖ Khaosod

Share.