នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ ក្រុម Rachaburi របស់ថៃ បានប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី Persib Bandung នៃវគ្គជម្រុះពានរង្វាន់កម្រិតទី២ AFC Champions League Two វគ្គ១៦ក្រុមចុងក្រោយ ធ្វើឡើងនៅកីឡដ្ឋាន Gelora Bandung Lautan ប្រទេសឥណ្ឌូណេស៊ី ។

ក្រុម Rachaburi របស់ថៃ បានទម្លាក់ក្រុមខ្លាំង Persib Bandung របស់ឥណ្ឌូណេស៊ី នៅវគ្គ១៦ក្រុមចុងក្រោយ ដោយលទ្ធផល សរុបទាំងពីរជើង ៣-១ ។ ខណៈចប់ការប្រកួតអ្នកគាំទ្ររបស់ក្រុម Persib បានចុះទៅអុកឡុកដល់កីឡាកររបស់ក្រុម Rachaburi ធ្វើឱ្យក្រុមការងារ និងកីឡាករ រួមទាំងសមាជិកមួយចំនួនរបស់ Persib ផង រត់ចូលក្នុងបន្ទប់ដែលមានសុវត្ថិភាពស្ទើរតែមិនទាន់ ។

តាមការបញ្ជាក់ខ្លះៗពីប្រភពនៅប្រទេសឥណ្ឌូណេស៊ី បានសរសេរថា មូលហេតុដែលអ្នកគាំទ្រ Persib Bandung បង្កភាពអសន្តិសុខនោះក៏ដោយសារតែមិនចេញចិត្តលើកីឡាកររបស់ក្រុម Rachaburi ដែលបានបង្ហាញកាយវិការមិនសមរម្យមួយ និងការកាត់ក្តីរបស់អាជ្ញាកណ្តាល ទើបធ្វើឱ្យក្រុម Persib Bandung មិនបានឡើងទៅជុំបន្ត។


យ៉ាងណាមិញសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC អាចនឹងមានការពិន័យខ្លាំងសម្រាប់ក្រុមម្ចាស់ផ្ទះជុំវិញបញ្ហានៃការគ្រប់គ្រងសុវត្ថិភាពលើទីលាន នៃក្រុមម្ចាស់ផ្ទះ Persib Bandung របស់ប្រទេសឥណ្ឌូណេស៊ី។

គិតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ នេះមិនទាន់មានការបញ្ជាក់ណាមួយឡើយស្តីពីហេតុការណ៍ ដែលកើតចេញពីអ្នកគាំទ្រ Persib Bandung នៅកីឡដ្ឋាន Gelora Bandung Lautan នោះនៅឡើយទេ។
សូមជម្រាបថា ក្រុម Rachaburi FC របស់ថៃ បានកក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ដោយត្រូវរងចាំរវាងក្រុមឈ្នះ Pohang Steelers របស់កូរ៉េខាងត្បូង ឬ Gamba Osaka របស់ជប៉ុន នៃពានរង្វាន់ AFC Champions League Two ៕


