ការប្រកួតលីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ នឹងរកឃើញម្ចាស់ជើងឯកនៅរដូវកាលដំបូង នៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភ:នេះ ដែលជាការប្រកួតសប្ដាហ៍ទី១០ ចុងក្រោយ ដើម្បីកំណត់រកក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ក្លាយជាម្ចាស់ជើងឯក។

បើយើងមើលទៅលើតារាងចំណាត់ថ្នាក់បច្ចុប្បន្ន ឃើញថា វិសាខា និង អាយអេសអាយ ដង្កោសែនជ័យ មានពិន្ទុ ២២ស្មើគ្នា ខណ:វិសាខា មានគ្រាប់បាល់ចំណេញ ១គ្រាប់។
តារាងចំណាត់ថ្នាក់ បច្ចុប្បន្ន

ដូចនេះ ដើម្បីក្លាយជាម្ចាស់ពានលីគអភិវឌ្ឍន៍ ឆ្នាំ២០២៥/២៦ វិសាខា ដាច់ខាត់ត្រូវឈ្នះភ្នំពេញក្រោន ហើយ អាយអេសអាយ ស្មើ ឬចាញ់ MOI ផ្ទុយទៅវិញបើ អាយអេសអាយ ឈ្នះ MOI ហើយ វិសាខា ចាញ់ឬស្មើ ភ្នំពេញក្រោន នោះ អាយអេសអាយ នឹងគ្រង់ជើងឯក។
ប៉ុន្តែ បើក្រុមទាំង២ ប្រកួតឈ្នះ ឬស្មើ ឬចាញ់ ដូចគ្នា នោះវិសាខា នឹងក្លាយជាម្ចាស់ជើងឯក ដោយការគិតទៅលើ Head to Head ព្រោះថាការប្រកួត ២ជើងកន្លងមក វិសាខា បានយកឈ្នះ អាយអេសអាយ មួយលើក និងស្មើមួយលើក។
វិសាខា ឆ្លងកាត់ ៩ប្រកួត ឈ្នះទាំង៧ប្រកួត ស្មើ១ ចាញ់១ មាន ២២ពិន្ទុ ស៊ុតបាន ២២គ្រាប់ របូតវិញ ៦គ្រាប់ តាមពីក្រោយដោយ អាយអេសអាយ ដង្កោសែនជ័យ លេងបាន ៩ប្រកួត ឈ្នះ៧ ស្មើ១ និងចាញ១ ដូចគ្នា ស៊ុតបាន ២២គ្រាប់ របូតវិញ ៧គ្រាប់ ខណ:ប្រកួតបន្ទាប់ក្រុមទាំង២ត្រូវ ត្រូវការឈ្នះដូចគ្នា នឹងស៊ុតគ្រាប់បាល់អោយបានកាន់តែច្រើន។
កម្មវិធីប្រកួត សប្ដាហា៍ទី១០

លីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ រដូវកាលដំបូង បង្កើតឡើងដើម្បីជំរុញកសាងធនធានកីឡាករបាល់ទាត់កម្ពុជា ក៏ដូចជាដើម្បីផ្ដល់ឱកាសដល់កីឡាករ ដែលពុំសូវមានវត្តមានក្នុងការប្រកួតលីគកម្ពុជា យុវជនក្មេងៗ បានចូលរួម និងបង្ហាញសមត្ថភាពរបស់ខ្លួន។
គួរបញ្ជាក់ថា ការប្រកួតខេមបូឌានលីគអភិវឌ្ឍន៍ Cambodian Development League ឆ្នាំ២០២៥/២៦ មានរយ:ពេល ៨ខែ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៦ មាន ៦ក្រុមចូលរួមប្រកួតប្រជែង មានដូចជា ក្លិបាបាល់ទាត់កណ្ដាលយូណាធីត ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្លិបបាល់ទាត់វិសាខា ក្លិបបាល់ទាត់ឡាយអិនឃីង ក្លិបបាល់ទាត់អឹមអូអាយ កំពង់ដេវ៉ា និងក្លិបបាល់ទាត់ អាយអេសអាយរដង្កោសែនជ័យ៕


