ខេត្តកំពត៖ ក្រោមមគ្គុទ្ទេសក៍ដ៏ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់អាទិភាពលើការអភិវឌ្ឍវិស័យទេសចរណ៍ និងសន្តិសុខជាតិ ខេត្តកំពតបាននិងកំពុងបង្ហាញមុខមាត់ថ្មីដ៏គួរឱ្យមោទនៈ។ តាមរយៈការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសោភ័ណភាពក្រុង ស្របជាមួយផែនការទំនើបកម្មរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឱ្យការងារការពារសន្តិសុខក្នុងខេត្តនេះឈានដល់កម្រិតស្តង់ដារថ្មីមួយបន្ថែមទៀត។

សូមចុចអាន៖ រថយន្ត​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ចល័ត​ខេត្ត​កំពត​ចាប់​ដំណើរការ ដោយ​ជោគជ័យ និង​ការ​សាទរ​ពី​ពលរដ្ឋ

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ទ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ឧបករណ៍ Scooter ទំនើបនេះ ជាទូទៅគេច្រើនឃើញប្រើប្រាស់តែនៅក្នុង ព្រលានយន្តហោះអន្តរជាតិតេជោ ប៉ុណ្ណោះ។ ប៉ុន្តែដោយមានការគាំទ្រ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ខេត្តកំពតបាន​យកមធ្យោបាយនេះមកប្រើប្រាស់លើដងផ្លូវសាធារណៈ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ និងដើរឱ្យទាន់បច្ចេកវិទ្យានៃប្រទេសជឿនលឿនក្នុងតំបន់អាស៊ី។

នេះជាសកម្មភាពដែលកងកម្លាំងប្រើប្រាស់ Scooter ដើម្បីល្បាត​

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ទ បានបញ្ជាក់ទៀតថា ការប្រើប្រាស់ Scooter នេះ ធ្វើឡើងស្របពេលដែល ឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន្ទ បានរៀបចំកែលម្អតំបន់មាត់ព្រែកយ៉ាងស្អាតប្លែក រួមមានការរៀបចំកម្រាលការ៉ូឡាថ្មី ចាប់ពីសេះសមុទ្រ រហូតដល់ត្រីដូហ្វីន (ប្រវែងជិត ២ គីឡូម៉ែត្រ)។ មធ្យោបាយថ្មីនេះបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើន៖

  • សម្រួលកម្លាំងមន្ត្រី៖ ជួយឱ្យកងកម្លាំងអាចល្បាតបានច្រើនជុំ និងរក្សាថាមពលបានយូរជាងការដើរថ្មើរជើង ដើម្បីបម្រើពលរដ្ឋបានល្អជាងមុន។
  • ភាពបត់បែន និងទាន់សម័យ៖ ងាយស្រួលចល័តក្នុងតំបន់ថ្មើរជើង និងតំបន់ដែលមានភ្ញៀវទេសចរកុះករ ដោយមិនបង្កភាពរំខាន ប៉ុន្តែផ្ដល់នូវភាពកក់ក្ដៅជានិច្ច។

នៅក្នុងការពង្រឹងសន្ដិសុខ ខេត្តកំពត​ ក៏បាន​ដាក់ “ភ្នែកទិព្វ” ២៤ ម៉ោង និងការការពារគ្រប់ជ្រុងជ្រោយ។ ក្រៅពីកម្លាំងល្បាតចល័ត ខេត្តកំពតក៏បានពង្រឹងការគ្រប់គ្រងតាមរយៈ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់តាមដងផ្លូវសំខាន់ៗ។ នេះគឺជាយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងកម្លាំងមនុស្ស និងបច្ចេកវិទ្យា ដើម្បីធានាថាគ្រប់ជ្រុងជ្រោយនៃខេត្តកំពត គឺជាតំបន់សន្តិសុខកម្រិតខ្ពស់សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

ជាយុទ្ធសាស្ត្រជំហានបន្ទាប់ លោកស្នងការបានបង្ហើបពីផែនការពង្រីកវិសាលភាពនៃការប្រើប្រាស់ Scooter នេះឱ្យកាន់តែទូលំទូលាយ៖

  • បង្កើនចំនួនគ្រឿង៖ បច្ចុប្បន្នមាន ៥ គ្រឿងសម្រាប់សាកល្បង ហើយលោកស្នងការគ្រោងនឹងបញ្ជាទិញបន្ថែមឱ្យគ្រប់ ១៥ គ្រឿង នាពេលឆាប់ៗនេះ។
  • ពង្រាយទៅកាន់តំបន់ទេសចរណ៍៖ ក្រៅពីតំបន់មាត់ព្រែក ស្នងការដ្ឋានកំពុងសិក្សាដើម្បីដាក់ពង្រាយកម្លាំងល្បាត Scooter នៅតាមរមណីយដ្ឋានសំខាន់ៗផ្សេងទៀតក្នុងខេត្ត ដែលមានកំណើនភ្ញៀវទេសចរច្រើន និងមានទីតាំងសមស្រប។
  • ការរួមបញ្ចូលបច្ចេកវិទ្យា៖ បន្តពង្រឹងការគ្រប់គ្រងតាមរយៈ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ២៤ ម៉ោង ដើម្បីគាំទ្រដល់កម្លាំងល្បាតផ្ទាល់ដី ធានាសុវត្ថិភាពគ្រប់ច្រកល្ហក។

ជាចុងក្រោយ លោកស្នងការបានសំណូមពរដល់ភ្ញៀវទេសចរទាំងអស់ ឱ្យចូលរួមសហការជាមួយអាជ្ញាធរខេត្ត តាមរយៈការរក្សាបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចតយានយន្តឱ្យមានរបៀបរៀបរយ។ ការចូលរួមរបស់បងប្អូន គឺជាការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការធ្វើឱ្យកំពតក្លាយជា “ឋានសួគ៌ទេសចរណ៍” ដែលមានសុវត្ថិភាព និងសោភ័ណភាពបំផុត។

“យើងធ្វើទំនើបកម្ម និងអភិវឌ្ឍន៍ ដើម្បីផ្ដល់ស្នាមញញឹម និងសេចក្ដីសុខជូនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពតយើង”។ នេះជាការលើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ទ ស្នងការនគរបាលខេត្តកំពត៕

Share.