ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីរំលងអធ្រាត្រថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។

ចំណុចគន្លឹះនៃកិច្ចពិភាក្សារួមមាន៖

  • កំណើនពាណិជ្ជកម្មគួរឱ្យកត់សម្គាល់៖ ភាគីអាម៉េរិកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ច ដែលក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជិត ២៩% ធៀបនឹងឆ្នាំ២០២៤ រួមជាមួយកំណើននៃការវិនិយោគផ្ទាល់ពីសហរដ្ឋអាម៉េរិកនៅកម្ពុជា។
  • កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ៖ សម្តេចធិបតី បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការចរចាលើ “កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ” ដែលសម្រេចបានអត្រាពន្ធក្នុងរង្វង់ ១៩% លើការនាំចូលទំនិញពីកម្ពុជាទៅកាន់ទីផ្សារអាម៉េរិក។
  • ការអរគុណចំពោះកិច្ចប្រឹងប្រែងសន្តិភាព៖ ក្នុងជំនួបនោះ សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការជួយជ្រោមជ្រែងដល់កិច្ចព្រមព្រៀងឈប់បាញ់ និងការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ កាលពីអំឡុងឆ្នាំ២០២៥ កន្លងទៅ។

ក្នុងជំនួបនោះ ប្រមុខដឹកនាំកម្ពុជានិងតំណាងសភាពាណិជ្ជកម្មអាមេរិក បានប្តេជ្ញាបន្តដោះស្រាយបញ្ហាសេសសល់ និងពន្លឿនការបំពេញនីតិវិធីនានា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មឱ្យបានពេញលេញ។ កម្ពុជា និងសហរដ្ឋអាម៉េរិក រំពឹងថាទំនាក់ទំនងនេះនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនុកចិត្តសម្រាប់វិនិយោគិនអាម៉េរិកមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

សម្គាល់៖ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅសហរដ្ឋអាម៉េរិក៕

Share.