ខេត្តប៉ៃលិន៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខេត្ត បានសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត បន្តចុះប្រតិបត្តិការឆែកឆេរ និងបិទទីតាំងសង្ស័យបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) មួយចំនួន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ការចុះបង្ក្រាបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈឱ្យបានល្អប្រសើរ ស្របតាមវិធានការណ៍ដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ កិច្ចប្រតិបត្តិការនេះផ្តោតសំខាន់លើ៖
- ការគ្រប់គ្រងសុវត្ថិភាព៖ ត្រួតពិនិត្យតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងការតាំងទីលំនៅរបស់ជនបរទេស។
- ការបង្ក្រាបបទល្មើស៖ ទប់ស្កាត់ការជួញដូរមនុស្ស និងល្បែងស៊ីសងអនឡាញខុសច្បាប់គ្រប់ប្រភេទ។
- ការអនុវត្តច្បាប់៖ មិនអនុញ្ញាតឱ្យមានទីតាំង Online Scam ក្នុងដែនសមត្ថកិច្ចខេត្តប៉ៃលិនដាច់ខាត។

ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរខេត្តប៉ៃលិនបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងនោះ ជនល្មើស និងអ្នកពាក់ព័ន្ធនឹងត្រូវបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ និងអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជាចំពោះជនបរទេស។
ជាមួយគ្នានេះ កម្ពុជាក៏បានបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ដើម្បីផ្តល់ព័ត៌មាន និងវែកមុខមេខ្លោងខ្សែបណ្តាញឧក្រិដ្ឋជនមកផ្តន្ទាទោសផងដែរ៕

អត្ថបទ៖ត្រយង
