កាលពីថ្ងៃទី ១៨ ខែកុម្ភៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ DeltaAir Lines ដែលកំពុងធ្វើដំណើរពីទីក្រុងHouston រដ្ឋ Texas ទៅកាន់ទីក្រុង Atlantaរដ្ឋ Georgia ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់បន្ទាប់ពីអ្នកបើកបរយន្តហោះបានរាយការណ៍ទៅកាន់ប៉មបញ្ជាថាមានអ្នកដំណើរម្នាក់ព្យាយាមសម្រុកចូលទៅក្នុងបន្ទប់កាប៊ីនអ្នកបើកបរ (Cockpit)។

ខណៈកើតហេតុ មានអ្នកដំណើរចំនួន ៨៥ នាក់និងបុគ្គលិកយន្តហោះ ៥ នាក់ នៅលើយន្តហោះប្រភេទ Boeing717 ជើងហោះហើរលេខ ២៥៥៧។ មិនយូរប៉ុន្មានបន្ទាប់ពីហោះចេញពីព្រលានយន្តហោះ William P. Hobby ក្នុងទីក្រុង Houston អ្នកបើកបរបានប្រកាសអាសន្នភ្លាមៗ។យោងតាមកំណត់ត្រាសំឡេងវិទ្យុទាក់ទងជាមួយមន្ត្រីត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសអ្នកបើកបរបាននិយាយថា៖ «មានអ្នកដំណើរម្នាក់បានក្រោកឈរហើយព្យាយាមសម្រុកចូលមកក្នុងបន្ទប់អ្នកបើកបរ សូមជួយសម្របសម្រួលនិងឱ្យផ្នែកសន្តិសុខត្រៀមលក្ខណៈរង់ចាំផង»។

បន្ទាប់ពីបញ្ជាក់ថាបន្ទប់អ្នកបើកបរមានសុវត្ថិភាពគាត់បានស្នើឱ្យប៉ូលិស និងក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់មកទទួលនៅយន្តហោះពេលចុះចត។អ្នកបើកបរបានជម្រាបជូនមន្ត្រីត្រួតពិនិត្យចរាចរណ៍អាកាសបន្ថែមថា៖«គេត្រូវបានដាក់ខ្នោះនៅផ្នែកខាងក្រោយនៃយន្តហោះប៉ុន្តែគេបានបង្ករបួសស្នាមដល់អ្នកដំណើរដទៃទៀតដូច្នេះយើងត្រូវការឱ្យមានការត្រួតពិនិត្យលើអ្នកដំណើររូបនោះ»។

យន្ដហោះខាងលើបានចុះចតបន្ទាន់នៅព្រលានយន្តហោះHobby ប្រហែល ១៧ នាទីក្រោយពេលហោះឡើងដោយមានរថយន្តសង្គ្រោះបន្ទាន់បើកតាមដានរហូតដល់ច្រកទ្វារចេញ។ក្រោយមក ក្រុមហ៊ុន Delta បានបញ្ជាក់ថា៖ «អ្នកដំណើរ (ដែលបង្កហេតុ) បានព្យាយាមស្ទុះទៅរកបុគ្គលិកយន្តហោះនិងអ្នកដំណើរដទៃ ប៉ុន្តែមិនបានប៉ះពាល់ ឬព្យាយាមចូលទៅក្នុងបន្ទប់អ្នកបើកបរនោះទេ»។

ក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមថា៖ «សុវត្ថិភាពរបស់អតិថិជន និងបុគ្គលិករបស់យើងគឺជាអាទិភាពចម្បង ហើយDelta មិនមានការអត់ឱនចំពោះអាកប្បកិរិយាមិនសមរម្យឡើយ។យើងសូមអភ័យទោសចំពោះអតិថិជនសម្រាប់បទពិសោធន៍នេះ និងការយឺតយ៉ាវក្នុងការធ្វើដំណើររបស់ពួកគេ»។

ជើងហោះហើរនេះបានហោះឡើងវិញនៅពេលបន្ទាប់ហើយបានទៅដល់ទីក្រុង Atlanta យឺតជាងកាលវិភាគប្រហែល៩០ នាទី។ ដោយឡែក រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) បានបង្ហើបថា កំពុងធ្វើការស៊ើបអង្កេតលើហេតុការណ៍នេះ៕

ប្រភព៖ CNN

Share.