ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន​សម្រេចចាត់វិធានការដាក់​វិន័យ​តាម​រយៈ​ការអប់រំ​ណែនាំ​ដល់មន្ត្រីទទួលពាក្យបណ្ដឹងម្នាក់ បន្ទាប់ពីមានការរិះគន់ថាបានប្រើពាក្យពេចន៍មិនសមរម្យ និងស្ដីបន្ទោសដាក់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះក្នុងករណីចាញ់បោកកម្ចីអនឡាញ។

ចំណាត់ការនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការចែកចាយវីដេអូសារសំឡេងនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់លោក វ៉ាន់ សារ៉ាយ ដែលក្នុងនោះជនរងគ្រោះបានរៀបរាប់ថា ខ្លួនត្រូវបានមន្ត្រីនគរបាលស្ដីបន្ទោស និងនិយាយឌឺដង ខណៈកំពុងមានភាពតានតឹងផ្លូវចិត្ត និងធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍។

សូមចុចអាន៖ ឈប់បារម្ភរឿងស្មុគស្មាញ! ឥឡូវនេះ លោកអ្នកអាចដាក់ពាក្យបណ្ដឹងមកក្រសួងមហាផ្ទៃតាម “អនឡាញ” បានយ៉ាងរហ័ស

តាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានបានបញ្ជាក់ថា មន្ត្រីដែលពាក់ព័ន្ធត្រូវបានអប់រំណែនាំភ្លាមៗ ដើម្បីពង្រឹងការយល់ដឹងអំពី «ក្រមសីលធម៌មន្ត្រីនគរបាលជាតិ» និងការបម្រើសាធារណៈដោយមានភាពថ្លៃថ្នូរ និងយោគយល់​អធ្យាស្រ័យ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំនាយកដ្ឋានក៏បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវឥរិយាបថសមរម្យ ពិសេសចំពោះប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងស្ថានភាពរងគ្រោះ។

នាយកដ្ឋានបានបន្ថែមថា ខ្លួនបានទាក់ទងទៅកាន់ជនរងគ្រោះ ដើម្បីសម្របសម្រួលឲ្យមកដាក់ពាក្យបណ្ដឹងឡើងវិញ និង​ធានាថា​នឹងផ្តល់ការ​ជួយដោះស្រាយតាមនីតិវិធីច្បាប់។ ព្រមទាំងថ្លែងអំណរគុណ​ចំពោះសាធារណជន​ដែលបាន​ចូលរួមផ្ដល់​មតិយោបល់​ក្នុងន័យ​ស្ថាបនា។

ចំណាត់ការដ៏រហ័សខាងលើនេះ មិនត្រឹមតែជាការដោះស្រាយបញ្ហាចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជា​ការបង្ហាញ​ពីការប្ដេជ្ញា​ចិត្ត​របស់ក្រសួងមហាផ្ទៃ ក្នុងការលុបបំបាត់ភាពអសកម្ម និងការកសាងកងកម្លាំងនគរបាលជាតិមួយដែលប្រកបដោយគុណធម៌ និងសមត្ថភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

Share.