តាមរយៈជំនួបកម្រិតខ្ពស់នៅរដ្ឋធានីវ៉ាស៊ីនតោន រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំកំពូលនៃក្រសួងសង្គ្រាម និងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានលេចឡើងពីរបៀបវីរៈការត្រៀមរៀបចំសមយុទ្ធយោធារួមគ្នា «ឆ្មាំអង្គរ» នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដែលជាសារនយោបាយដ៏មានឥទ្ធិពលមួយបានបញ្ជាក់ពីការវិលត្រឡប់មកវិញនូវកិច្ចសហប្រតិបត្តិការការពារជាតិយ៉ាងជិតស្និទ្ធរវាងកម្ពុជានិងអាមេរិក។

យោងតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី «កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព» ក្រោមអធិបតេយ្យភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវសញ្ញាវិជ្ជមាននៃទំនាក់ទំនងទ្វេរភាគីរវាង កម្ពុជា និងសហរដ្ឋអាមេរិក ដែលកំពុងតែបោះជំហានទៅកាន់ដំណាក់កាលថ្មីមួយ។ បើទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរហាក់មានសភាពស្ងប់ស្ងាត់ ប៉ុន្តែព្រឹត្តិការណ៍ចុងក្រោយនេះបានបង្ហាញពីការផ្លាស់ប្តូរឥរិយាបថយ៉ាងខ្លាំងរបស់ប្រទេសមហាអំណាចមួយមកកាន់កម្ពុជា។
ការឈប់សំចតនៃនាវា USS Cincinnati ឬនៅក្នុងប្រតិបត្តិការយោធាឱ្យរហស្សនាមថាបិសាចសមុទ្របំបាំងកាយ នៅមូលដ្ឋានកងទ័ពជើងសមុទ្ររាម និងការសម្រេចចិត្តរបស់អាមេរិកក្នុងការ លុបចោលបម្រាមលក់សព្វាវុធ ដល់កម្ពុជា គឺជាសក្ខីភាពដែលបង្ហាញថា ភាពមន្ទិលសង្ស័យកន្លងមកត្រូវបានជម្រះចោលនិងបានដុះពន្លកថ្មីវិញ ក្រោមកិច្ចសន្ទនាប្រកបដោយការស្ថាបនា។ សមយុទ្ធ «ឆ្មាំអង្គរ» ដែលនឹងមកដល់នាពេលខាងមុខ នឹងក្លាយជាស្ពានចម្លងដ៏សំខាន់ ក្នុងការរឹតចំណងមិត្តភាពយោធាឱ្យកាន់តែស្អិតរមួតថែមមួយកម្រិតទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
យ៉ាងណាមិញមិនត្រឹមតែវិស័យការពារជាតិប៉ុណ្ណោះទេ ទំនាក់ទំនងកម្ពុជា និងអាមេរិក ក៏កំពុងពង្រីកខ្លួនទៅលើសមរភូមិថ្មីៗផ្សេងទៀត ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញដែលជាបញ្ហាប្រឈមសកល។ ជាមួយគ្នានេះ ជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានបើកផ្លូវឱ្យមានការរីកចម្រើនក្នុងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការធ្វើពិពិធកម្មទីផ្សារអន្តរជាតិ។
ការសម្រេចចិត្តរៀបចំសមយុទ្ធយោធាជាមួយអាមេរិកឡើងវិញ បន្ទាប់ពីកម្ពុជាបានធ្វើសមយុទ្ធជាមួយមហាអំណាចផ្សេងទៀតរួចមកនេះ គឺជាការអនុវត្តជាក់ស្តែងនូវ នយោបាយការបរទេសពហុភាគីនិយម ដែលបានឆ្លុះបង្ហាញថា កម្ពុជាមិនដើរតាមក្រោយមហាអំណាចណាមួយដោយងងឹតងងល់ឡើយ ប៉ុន្តែកម្ពុជាចេះប្រើប្រាស់ទំនាក់ទំនងជាមួយមហាអំណាចទាំងអស់ ដើម្បីធានាបាននូវតុល្យភាពសន្តិសុខ និងការពារបូរណភាពទឹកដីរបស់ខ្លួន។
សមយុទ្ធ «ឆ្មាំអង្គរ» ដែលនឹងធ្វើឡើងនាពេលខាងមុខ គឺជាការកំណត់ត្រាថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមិនមែនគ្រាន់តែជាការហ្វឹកហ្វឺនបច្ចេកទេសយោធាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្តរូបនៃការផ្សះផ្សា និងការចាប់ផ្តើមនៃយុគសម័យមាសថ្មី នៃទំនាក់ទំនងកម្ពុជា-អាមេរិក។ ភាពជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាមួយនេះបាននាំមកនូវការបំបែកភាពឯកោ និងការកសាងទំនុកចិត្តជាមួយមហាអំណាចលេខមួយនៅលើលោក ដោយឈរលើគោលការណ៍ស្មើភាព និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕

