នាពេលថ្មីៗនេះ និន្នាការនៃការច្នៃប្រឌិតហួសដែនកំណត់ក្នុងពិធីអាពាហ៍ពិពាហ៍មួយចំនួន បានធ្វើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញមុខដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ក្រុមអ្នករៀបចំកម្មវិធីអាពាហ៍ពិពាហ៍ ក្នុងគោលបំណងការពារតម្លៃសីលធម៌ និងសណ្តាប់ធ្នាប់សង្គម។

តាមលិខិតអំពាវនាវរបស់ក្រសួងវប្បធម៌បានមើលឃើញថា ក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេសក្នុង «ពិធីបុកល័ក្ខ» កន្លងមកមានការប្រើប្រាស់ពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ និងទំនៀមទម្លាប់សាសនា។ ពិធីបុកល័ក្ខ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអប់រំកូនប្រុសស្រីឱ្យត្រៀមខ្លួនសម្រាប់ជីវិតប្ដីប្រពន្ធ មិនគួរត្រូវបានប្រែក្លាយទៅជាការសម្តែងបែបកំប្លែងលែងសើច ដែលខ្វះការគោរពដល់ឫសគល់ដើមនោះឡើយ។

អ្វីដែលគួរឱ្យកត់សម្គាល់និងសំខាន់ក្នុងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺការប្រុងប្រយ័ត្នចំពោះការបញ្ចូលសកម្មភាពសម្តែងដែលពាក់ព័ន្ធនឹងជាតិសាសន៍ និងសាសនាផ្សេងៗ។ សិល្បៈនៃការច្នៃប្រឌិតមិនត្រូវដើរហួសពីការគោរព និងសាមគ្គីភាពរវាងជាតិសាសន៍ណាមួយនោះឡើយ។ ការរៀបចំពិធីបុកល័ក្ខដែលបញ្ចូលរូបភាពជានិមិត្តរូបនៃជនជាតិចិន ចាម ឬជាតិសាសន៍ដើមភាគតិច ត្រូវតែធ្វើឡើងដោយការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងការប៉ះពាល់ដល់សាសនា និងសាសនារបស់សហគមន៍ ក៏ដូចជាជាតិសាសន៍ដទៃ។

ក្រសួងបានអំពាវនាវដល់គ្រប់អ្នកសិល្បៈ និងអ្នករៀបចំពិធីអាពាហ៍ពិពាហ៍ ឱ្យបញ្ឈប់រាល់ការកែច្នៃណាដែលប្រាសចាកពីទំនៀមទម្លាប់ដើម និងរក្សាបាននូវភាពថ្លៃថ្នូរតាមគន្លងប្រពៃណី ដែលជាកាតព្វកិច្ចរួមរបស់អ្នករៀបចំកម្មវិធី ដើម្បីធានាថាពិធីមង្គលការនីមួយៗនៅតែជាទីកន្លែងសម្រាប់លើកតម្កើងកិត្តិយសគ្រួសារ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។

លិខិតអំពាវនាវរបស់ក្រសួង គឺជាសារដាស់តឿននិងរំលឹកដល់កូនខ្មែរគ្រប់រូបថា ការអភិវឌ្ឍត្រូវតែដើរទន្ទឹមនឹងការអភិរក្ស។ រាល់ការច្នៃប្រឌិតមិនត្រូវធ្វើឡើងដើម្បីតែភាពសប្បាយរីករាយមួយគ្រា និងមិនត្រូវយកមកប្តូរជាមួយតម្លៃវប្បធម៌ដ៏យូរលង់របស់ជាតិឡើយ។ ដើម្បីកាន់តែជាក់ច្បាស់សូមអាននូវលិខិតអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលមានខ្លឹមសារលម្អិតបន្ថែមទៀត៕

Share.