ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអំពាវនាវយ៉ាងទទូច និងដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗ ដើម្បីបន្តដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅសេសសល់។

ជាកិច្ចការអាទិភាព សម្តេចធិបតីបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តជំរុញការផ្សព្វផ្សាយ និងអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីនដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងចំណោមសិស្សានុសិស្ស កុមារ និងយុវជនដែលរស់នៅតាមតំបន់ងាយរងគ្រោះ។ ការអប់រំនេះត្រូវធ្វើឡើងតាមរយៈការបញ្ចូលទៅក្នុងកម្មវិធីសិក្សា និងការប្រើប្រាស់គ្រប់មធ្យោបាយផ្សព្វផ្សាយ ដើម្បីឱ្យសាធារណជនកាន់តែមានការប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនឹងនេះ អាជ្ញាធរមីនត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការបោសសម្អាតមីននៅតាមតំបន់ដែលមានហានិភ័យ ជាពិសេសតំបន់ដែលមានដីកសិកម្ម សាលារៀន និងមន្ទីរពេទ្យ សំដៅប្រែក្លាយផ្ទៃដីទាំងនោះទៅជាទីកន្លែងដែលមានសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ក្រៅពីកិច្ចការងាររដ្ឋបាល សម្តេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រទេសជាមិត្ត និងសប្បុរសជននានា ឱ្យបន្តផ្ដល់ការគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» និងតាមផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០១៨-២០៣០។ សម្តេចបានបញ្ជាក់ថា កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើង ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។

ជាមួយគ្នានេះ សម្តេចធិបតីបានដាក់ចេញនូវវិធានការដាស់តឿនដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចៀសវាងការប៉ះពាល់ ដំ កែច្នៃ ឬដុតគ្រាប់មីន និងសំណល់ជាតិផ្ទុះក្នុងករណីប្រទះឃើញ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ឬប្រតិបត្តិករដោះមីនដែលនៅជិតបំផុត។ ជាពិសេស សម្តេចបានសង្កត់ធ្ងន់លើការហាមឃាត់ការទិញ-លក់ និងការជួញដូរគ្រាប់មីនគ្រប់ប្រភេទដែលជាសកម្មភាពខុសច្បាប់ ហើយបានហាមមិនឱ្យប្រជាពលរដ្ឋចូលទៅប្រើប្រាស់ដីធ្លីក្នុងតំបន់ដែលមិនច្បាស់លាស់ ឬសង្ស័យថាមានមីន ដើម្បីការពារគ្រោះថ្នាក់ដែលនាំឱ្យមានពិការភាព ឬបាត់បង់ជីវិត។

គិតត្រឹមដំណាច់កម្ពុជានៅសល់ផ្ទៃដីដែលសង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួនប្រមាណ ១ ៦៤៧ គីឡូម៉ែត្រការ៉េ ទៀត ដែលត្រូវបន្តរុករក និងបោសសម្អាត។ ក្នុងនោះ ផ្ទៃដីដែលរងផលប៉ះពាល់ដោយសារមីនមានចំនួនប្រហែល ៧១១ គីឡូម៉ែត្រការ៉េ និងផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះផ្សេងៗទៀតមានចំនួនប្រមាណ ៩៣៦ គីឡូម៉ែត្រការ៉េ

គេប្រមាណបានថា ៩០% ផ្ទៃដីដែលសង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺនៅតាមតំបន់ជាប់ព្រំដែន ជាពិសេសព្រំដែនថៃ រួមមានខេត្តដែលសម្បូរមីនជាងគេរួមមាន៖ ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប។

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាង ៣៣ឆ្នាំកន្លងមកនេះ ប៉ុន្តែលោកនៅតែជំរុញឱ្យគ្រប់ភាគីបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ចប់សោកនាដកម្មពីគ្រាប់មីនឱ្យអស់ពីកម្ពុជា សំដៅធានាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ៕

Share.