ស្វាយរៀង ៖ សិស្សមួយចំនួនគេចសាលា មិនចូលរៀន បែនាំគ្នាប្រមូលផ្តុំ សង្ងំជ្រកកន្លែងលក់ដូរ សង្ងំជក់បារី ជក់វេប ផឹកស្រាបៀ ត្រូវបានអាជ្ញាធរស្រុកស្វាយទាប សមត្ថកិច្ច ចុះទៅធ្វើការអប់រំ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្ទះលក់ដូរមួយកន្លែង នៅខាងមុខវិទ្យាល័យប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមប្រជាពលរដ្ឋបានលើកឡើងថា មានសិស្សសាលាមួយចំនួនតូច ទៅរៀនឱ្យផុតតែពីផ្ទះ ឪពុក ម្តាយ អាណាព្យាបាល លោកគាត់ដឹងតែកូនចៅរបស់គាត់ទៅរៀង ផ្ទុយទៅវិញ ខុសស្រលះ បែនាំគ្នាគេចសាលា ប្រមូលផ្តុំតាមហាងកាហ្វេ ផ្ទះលក់ដូរ ឬកន្លែងផ្សេងទៀត សង្ងំជក់បារី ជក់វេប ផឹកស្រាបៀ ហើយក្នុងចំណោមសិស្សគេចសាលាទាំងនោះ ក្រុមខ្លះក៏មានសិស្សស្រី បើនៅរាជធានីភ្នំពេញវិញ សិស្សប្រុសស្រី មួយចំនួនតូចនាំគ្នាគេចសាលារដ្ឋ ឯកជន ចូលរោងកុន ។

ទង្វើរសិស្សគេចសាលាមួយចំនួនតូចនេះហើយ ដែលជះឥទ្ធិពលអាក្រក់ដល់សង្គម អនាគតផ្ទាល់ខ្លួន ទើបនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកអភិបាលស្រុកស្វាយទាប អធិការស្រុក អាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យទីតាំងមួយនៅខាងមុខវិទ្យាល័យហ៊ុនសែន ប្រសូត្រ ឃើញមានសិស្សសាលាគេចថ្នាក់ នាំគ្នាផ្តុំជក់បារី ផឹកស្រា ហើយត្រូវបានធ្វើការអប់រំជាក់ស្តែង ។

បើតាមមតិមហាជនខ្លះបានលើកឡើងថា មាតាបិតា អាណាព្យាបាល កាលបើសង្ស័យកូនចៅ ចូលរៀន មិនចូលរៀន ពិនិត្យ ឆែកមើលសៀវភៅ មេរៀនត្រូវតាមកាលវិភាគឬអត់ ពិនិត្យមើលក្នុងកាបូប កាតាប ក្រែងមានក្រេមម្សៅ ខោអាវ សម្រាប់ទុកត្រៀមផ្លាស់ប្តូរអត់ ឬកាប៉ុងស្រាសល់ក្នុងបូប ។

Share.