កណ្តាល៖ ករណីលួច (ធាក់ប្លន់យកម៉ូតូ) មួយករណី បានកើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៥ និង៤០នាទីព្រឹក នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។




ជនរងគ្រោះឈ្មោះ ជីវន្ត័ សីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងម៉ាស៊ីន មានទីលំនៅខេត្តកំពង់ស្ពឺ ត្រូវបានក្រុមជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ៣គ្រឿង តាមមកពីក្រោយ ហើយធ្វើសកម្មភាពធាក់ម៉ូតូបណ្ដាលឲ្យដួលសន្លប់ រួចលើកយកម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-5211 រត់គេចខ្លួនទៅទិសខាងត្បូង។




បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានដឹងខ្លួនវិញ ហើយទំនាក់ទំនងទៅក្រុមគ្រួសារ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ។ ក្រោយទទួលព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវភ្លាមៗ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន។ លុះដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០០ និង៣០នាទី កម្លាំងនគរបាលស្រុកអង្គស្នួល បានចេញល្បាត ហើយប្រទះឃើញជនសង្ស័យជិះម៉ូតូមានសភាពសង្ស័យ ក៏ធ្វើការឃាត់ខ្លួនបាន៣នាក់ បន្ទាប់មកបន្តប្រតិបត្តិការសហការជាមួយនគរបាលស្រុកសំរោងទង ឃាត់ខ្លួនមេក្លោងម្នាក់ទៀត។




ជនសង្ស័យសរុប៤នាក់ ត្រូវបានឃាត់ខ្លួន ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿង និងទូរសព្ទដៃ៣គ្រឿង ដែលជារបស់ជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងអស់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដ ដោយមុនពេលកើតហេតុ បានប្រមូលផ្តុំគ្នាផឹកស៊ី រួចទើបចេញធ្វើសកម្មភាពជាក្រុម។




បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីច្បាប់ និងស្វែងរកជនសង្ស័យដែលនៅសល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ÷កណ្តាល
