ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះបន្ទប់ជាន់ទី៤ អគារខុនដូរមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងរថយន្តអគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩:៥៣នាទីយប់ ត្រូវនឹងថ្ងៃទី២ ខែមិនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៩២ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញផ្សែងលាយឡំនឹងអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីអគារកើតហេតុខាងលើជាន់ទី៤។ ភ្លាមនោះដែរក៏ប្រញាប់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័ជួយអន្តរាគមន៍បាញ់ពន្លត់ ក្រោយមករថយន្តពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកដល់ជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះដែរ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ថ្ងៃដដែល ករណីអគ្គិភ័យខាងលើនេះដែរមិនបណ្តាលឲ្យមានអ្នកស្លាប់និងអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈមួយចំនួនធំ ចំពោះមូលហេតុដែលបង្កជាអគ្គិភ័យសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត។
អត្ថបទ៖ សេង សាវី

