ត្បូងឃ្មុំ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦បានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្ត សម្រាប់ឆ្នាំសិក្សា២០២៦ ដោយមានសិស្សានុសិស្សចូលរួមសរុបចំនួន ១,៣៥៤នាក់ ក្នុងនោះស្រ្តីចំនួន៩៣១នាក់។


មុនដំណើរការប្រឡង បានរៀបចំពិធីកាត់ស្រោមវិញ្ញាសា នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្នារ ក្រោមអធិបតីភាព ឯកឧត្តម ហួរ ឈុនគ្រី អគារធិការ ក្រសួងអប់រំ យុវជន និងកីឡា និងនៅមណ្ឌលវិទ្យាល័យ តេជោត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ នី ចាន់ធីតា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងនេះ រៀបចំសម្រាប់សិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដោយមាន ២មណ្ឌល និង ៥៥បន្ទប់ប្រឡង។ ការប្រឡងសិស្សពូកែថ្នាក់ខេត្ត មិនត្រឹមតែជាការវាស់ស្ទង់សមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់សិស្សដែលខិតខំប្រឹងប្រែងក្នុងការសិក្សា។ ជ័យលាភីដែលទទួលបាន នឹងនាំមកនូវមោទនភាពដល់ខ្លួនឯង គ្រួសារ និងសាលារៀន ព្រមទាំងជាកម្លាំងចិត្តសម្រាប់បន្តការសិក្សាឱ្យកាន់តែប្រសើរ។

ក្នុងឱកាសនោះ គណៈអធិបតីបានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ឱ្យខិតខំប្រឹងប្រែងប្រឡងឲ្យអស់ពីសមត្ថភាព ដើម្បីមានឱកាសចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ នាពេលខាងមុខ និងរួមចំណែកលើកកម្ពស់កិត្តិយសដល់ខ្លួនឯង គ្រួសារ និងខេត្តទាំងមូល។ ការប្រឡងសិស្សពូកែ ត្រូវបានចាត់ទុកថា ជាស្ពានឆ្ពោះទៅរកភាពជោគជ័យខ្ពស់ជាងមុន និងជាការបណ្តុះបណ្តាលធនធានមនុស្សមានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិ៕


អត្ថបទ÷អាចារ្យលាក់

