ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសថៃដែលមិនពេញចិត្តរដ្ឋាភិបាលបន្លំសន្លឹកឆ្នោត បានបោះសម្ដីឱ្យលោក អនុទីន ឆានវីរៈកុល ថាសមនឹងទទួលបានឈ្មោះជា នាយករដ្ឋមន្ត្រីផ្កាយដុះកន្ទុយ ដោយពួកគេបាន​វែក​ញែក​គ្នាជាហូរហែពីព្រឹត្តិការណ៍គ្រោះមហន្តរាយមួយចំនួនធំដែលបានកើតមាននៅប្រទេសថៃ ក្រោម​កណ្ដាប់ដៃដឹកនាំក្រសួង និងការដឹកនាំរដ្ឋាភិបាល​របស់​បុរសដែល​មាន​ដើមកំណើតចិនមក​ពីខេត្តក្វាងទុងរូបនេះ។

ពួកគេសួរថា តើវាជាការចៃដន្យ ឬជាព្រហ្មលិខិត តាំងពីលោក អនុទិន កាន់តំណែងសំខាន់ៗក្នុងជួររដ្ឋាភិបាលថៃ រាប់ចាប់ពីជារដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រហូតដល់តំណែងជានាយករដ្ឋមន្ត្រី ប្រទេសថៃហាក់ជួបប្រទះតែគ្រោះមហន្តរាយធំៗ ដែលមិនធ្លាប់មានពីមុនមក?

ត្បិតថា ឈ្មោះរបស់លោក អនុទិន ឆានវីរៈកុល បានក្លាយជារូបភាពដ៏លេចធ្លោមួយនៅលើឆាកនយោបាយប្រទេស​ថៃគឺជានាយករដ្ឋមន្ត្រីស្នេហាជាតិ​ ស្រលាញ់ជាតិ ដោយសារតែលោក​បាន​ឱនក្បាលឱ្យក្រុមកង​យោធា​ថៃ​ ធ្វើអ្វីស្រេចតែអំពើចិត្ត ជាពិសេសគឺបើកភ្លើងខៀវឱ្យ​កងកម្លាំងប្រដាប់អាវុធមករុករានទន្ទ្រាន ឈ្លានពានទឹកដីកម្ពុជា។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺរយៈពេលនៃការដឹកនាំរបស់លោក ហាក់ដូចជាមានជាប់ជំពាក់ជំពិនជានិច្ចជាមួយនឹងគ្រោះមហន្តរាយ និងវិបត្តិធំៗជាច្រើននៅក្នុងប្រទេសថៃ ដែល​បង្ក​ឱ្យ​ខូចខាតទាំងទ្រព្យសម្បត្តិនិង​ឆក់យក់អាយុជីវិតមនុស្ស។

អ្នកប្រើប្រាស់បណ្ដាញសង្គមថៃបានកត់សម្គាល់ឃើញថា រាល់ពេលដែលនាយកណ្ដុររូបនេះឡើងកាន់តំណែងសំខាន់ៗ នោះគ្រោះមហន្តរាយធំៗក៏កើតឡើងដូចគ្នា វាហាក់ដូចជាការសាកល្បងសមត្ថភាពដឹកនាំរបស់លោកដូចគ្នា នេះគឺជាការគិតវិជ្ជមាន​សម្រាប់អ្នក​ដែលគាំទ្រ ខណៈអ្នក​ខ្លះទៀតមិនគាំទ្រ បានដាក់ងារឱ្យ​ថា រដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី ផ្កាយដុះកន្ទុយ ដែលនាំតែភាពស៊យ និងចង្រៃដល់ស្រុកទេ។

អ្នកប្រើប្រាស់បណ្ដាញសង្គមនៅថៃបានប្រមូលផ្ដុំ ៧ ហេតុការណ៍គ្រោះមហន្តរាយដែល​កើតឡើងប្រទេសថៃ ហើយបានឆក់យកជីវិតមនុស្សជាច្រើននាក់ដូចខាងក្រោមនេះ៖

១. វិបត្តិជំងឺកូវីដ-១៩៖  លោក អនុទិន ក្នុងនាមជារដ្ឋមន្ត្រីសុខាភិបាល ហាក់ដូចជាអសមត្ថភាពដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ដែលជាវិបត្តិធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រប្រទេសថៃក្រោមរូបភាពអំពើពុករលួយ រហូតបណ្ដាលឱ្យមានប្រជាជនជាង ៣ ម៉ឺននាក់បានបាត់ជីវិតទាំងគ្មានវ៉ាក់សាំងជួយការពារ ដោយអំឡុងពេល​នោះ​លោក​ទទួល​រងនូវការ​រិះគន់យ៉ាងខ្លាំងក្លា ដែលធ្វើ​ឱ្យ​ប្រជាប្រិយភាព និងការនិយមគាំទ្រ​លោកធ្លាក់កប់ដល់​បាត។

២. គ្រោះរញ្ជួយដី និងអគារសវនកម្មដួលរលំ៖ ហេតុការណ៍ដ៏សោកនាដកម្មមួយនេះដែលបានឆក់យកជីវិតមនុស្សដែលជាវិស្វករ និងជាកម្មករសំណង់ជាច្រើន ព្រោះតែភាពពុករលួយរបស់រដ្ឋាភិបាល និងក្រុមហ៊ុនម៉ៅការសាងសង់ ខណៈលោក អនុទីន ឆានវីរៈកុល កាន់តួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឈរឱបដៃមើលបញ្ហានេះទាំងបិទភ្នែក បិទត្រចៀក មិនបាន​ខ្នះខ្នែងដុតដៃដុតជើង ស៊ើបអង្កេតស្រាវជ្រាវលើ​បញ្ហានោះ​ឡើយ។

៣. គ្រោះទឹកជំនន់នៅភាគខាងត្បូង៖ នៅឆ្នាំដែលលោក អុទីន កាន់តំណែងជានាយរដ្ឋមន្ត្រី ៤ ខែ ប្រទេសថៃកើតមានគ្រោះមហន្តរាយទឹកជំនន់និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរជាពិសេសក្រុងហាតយ៉ៃ ខេត្ត សុងក្លា ដែលជាមជ្ឈមណ្ឌុលពាណិជ្ជកម្មដ៏ធំមួយ ​ទាក់ទាញភ្ញៀវទេសចរណ៍ និង​ចំណូលយ៉ាងមហាសាលចូលប្រទេស ដោយ​ក្នុង​ហេតុការណ៍ដ៏អាក្រក់នោះ​បណ្ដាលឱ្យមនុស្សស្លាប់លើសពី ១០០ នាក់ទាំងគ្មានដំណោះស្រាយទាន់ពេលវេលា មិន​ថាជា​ស្បៀងអាហារ ទឹកស្អាត ជំនួយនិងការគាំទ្រ​ផ្សេងៗ ពោលគឺរដ្ឋាភិបាលលោក​ធ្វើ​ការយឺតយ៉ាវ ចំណែក​សំណង​សម្រាប់​ជនរងគ្រោះ​ក៏មិន​បាន​អនុម័ត ឬមាន​ការ​ពន្លឿននីតិវិធីណាមួយដើម្បីជួយសម្រួលដល់ពលរដ្ឋដែល​កាន់សាសនាឥស្លាមភាគច្រើននោះ​ឡើយ។ វិបត្តិនេះក៏ធ្វើ​ឱ្យ​ប្រជាប្រិយរបស់​លោក​ មាន​ការ​ធ្លាក់ចុះ និង​ក្លាយជាចំណុចខ្សោយ​ដែល​បក្សប្រឆាំង​និងអ្នក​នយោបាយផ្សេងៗ លើកយក​មក​វាយប្រហារ​លោក​នៅគ្រប់ពេល​ឃោសនារកសំឡេង​គាំទ្រ ដោយ​ពួកគេ​បាន​ចោទសួរពីសមត្ថភាពគ្រប់គ្រងនិងដោះស្រាយ​ គ្រោះមហន្តរាយ​ ដែល​នាយករដ្ឋមន្ត្រីរូបនេះ បា​ន​បរាជ័យ​ជាច្រើនលើក។

៤. ហេតុការណ៍បាក់ស្រុតដីនៅកណ្តាលទីក្រុងបាងកក៖ ការបាក់ដីនេះកើតឡើងនៅជិតការដ្ឋានសំណង់ស្ថានីយ៍រថភ្លើង MRT ថ្មី (Vajira Station) ដែលដីបានហូរចូលទៅក្នុងផ្លូវរូងក្រោមដី និងបានប្រើប្រាស់រយៈដល់ទៅរាប់ខែដើម្បីដោះស្រាយបញ្ហានេះ។ រឿងនេះក៏ធ្វើឱ្យ​មាន​ការ​ប្រៀបធៀបគ្នាមិនតិចដែរ ព្រោះ​កន្លងមក​ជប៉ុនក៏ធ្លាប់​មាន​ករណីបាក់ស្រុតផ្លូវកណ្ដាលក្រុងដូចគ្នា តែពួកគេ​ប្រើពេល​តែមួយយប់ប៉ុណ្ណោះ​អាច​ដោះស្រាយ​ឱ្យ​ចរាចរណ៍ឡើងវិញជាធម្មតាបាន​ តែថៃ វិញបែរជា​មិន​អាច​ធ្វើ​បាន។

៥. ហេតុការណ៍បាក់ស្ទូចដួលរលំផ្ទះរថភ្លើងនៅខេត្តនគរាជសីម៉ា៖ គ្រោះថ្នាក់មួយនេះកើតឡើងក្នុងអំឡុងពេលសាងសង់គម្រោងធំមួយ ដែលបណ្ដាលឱ្យមនុស្សជាង ៤០ នាក់រងរបួស ហើយ ២ នាក់បានស្លាប់បាត់បង់ជីវិត។ ករណី​នេះ​ គឺមិនខុសអីការបាក់រលំអគារនោះ​ឡើយ ព្រោះ​វាកើតចេញពីការ​ម៉ៅការគម្រោងបែបបក្សពួក​ កិបកេង និង​ពុករលួយ ដែលបណ្ដោយ​ឱ្យ​ការ​ជួសជុល​គ្មាន​ស្ដង់ដារ សន្សំសំចៃ ដើម្បីកេងចំណេញហួសហេតុ ទើបបង្កឱ្យ​កើតមាន​សោកនាដកម្ម​បែបនេះ។

៦. បាក់ដងស្ទូចរលំនៅផ្លូវរាមាទី២៖ គ្រោះថ្នាក់មួយទៀតដែលកើតឡើងបន្តគ្នារយៈពេលរំលងគ្នា ៥ ថ្ងៃ បានឆក់យកជីវិតកម្មករ ២ នាក់។ ត្រង់​នេះយើងមិន​ចាំ​លើក​មក​និយាយ​នោះ​ឡើយ ព្រោះ​វាមិនខុសពីករណី​ទី៥ នោះ​ទេ។

៧. បញ្ហាផលប៉ះពាល់ពីសង្គ្រាមអ៊ីរ៉ង់៖ វិបត្តិនេះបានជះឥទ្ធិពលដល់សេដ្ឋកិច្ច និងសន្តិសុខថាមពលរបស់ប្រទេសថៃ ខណៈដែលរដ្ឋាភិបាលដឹកនាំដោយលោក អនុទិន នៅរៀបចំកៅអីអង្គុយមិនទាន់រួចរាល់នៅឡើយ។ ខណៈដែល​ពិភពលោក​កំពុង​វឹកវរ រក​តែ​ខ្យល់ដកដង្ហើមមិន​ចង់​ដល់គ្នា នាយករដ្ឋមន្ត្រី​អនុទិន បែរជានៅគិតគូរពីប្រយោជន៍បក្សពួកនិងខ្លួនឯង នៅបន្តគិតគូរ លើ​ការ​រៀបចំ គណៈរដ្ឋមន្ត្រី ចែកក្រសួង​ ចែកកៅអី និង​ចែកអំណាច​គ្នាមិនទាន់ដាច់ស្រេចនៅ​ឡើយ។

វិបត្តិទាំងនេះមិនត្រឹមតែជាកត្តាខាងក្រៅ ឬក៏ជាសាកល្បងសមត្ថភាពរបស់នាយ អនុទិន នោះទេ ប៉ុន្តែសម្រាប់​ប្រជាជនថៃដែលមាន​ជំនឿជឿលើរឿងអរូបីនាំគ្នាខ្សឹបខ្សៀវគ្នាថា នាយករដ្ឋមន្ត្រីដែលបានសំឡេងឆ្នោតខ្ពស់កើតចេញពីភាពពុករលួយ ទិញ កេងបន្លំ នៅអំឡុងពេលបោះឆ្នោតរូបនេះ ប្រាកដជាផ្កាយគ្រោះដែលនាំតែបញ្ហាដល់ប្រទេសជាតិ ព្រោះ​វាលើស​ពីភាពចៃដន្យ​ទៅហើយសម្រាប់​រូប​លោក​ ដែល​កាន់អំណាចនៅ​ក្នុង​គ្រាដែលថៃ ជួបគ្រោះ​មហន្តរាយ។

ខណៈ​អ្នក​ដែ​ល​ជឿជាក់​លើ​វិទ្យាសាស្ត្រវិញលើកឡើងថា ហេតុការណ៍ទាំងនោះគឺជាកញ្ចក់ដ៏ថ្លាដែលអាចជួយឆ្លុះបញ្ចាំងឱ្យ​ឃើញពីភាពទន់ខ្សោយក្នុងការត្រួតពិនិត្យសុវត្ថិភាព ស្តង់ដារសាងសង់ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការត្រៀមខ្លួនរបស់ជួររដ្ឋាភិបាល អនុទិន ព្រោះការបាត់បង់អាយុជីវិតមនុស្សរាប់ម៉ឺននាក់ មិនមែនគ្រាន់តែជាស្ថិតិនោះទេ ប៉ុន្តែវាគឺជាសោកនាដកម្មដ៏ឈឺចាប់ និងជាការបាត់បង់ដ៏ធំធេងរបស់ក្រុមគ្រួសារ និងសង្គមទាំងមូលផងដែរ។

ម្លោះហើយ រហ័សនាមដែលថា នាយករដ្ឋមន្ត្រីផ្កាយដុះកន្ទុយ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមថៃដាក់ឱ្យនេះ មិនត្រឹមតែមិនសម្ដៅដល់អ្នកដឹកនាំដែលតែងតែជួបប្រទះនឹងព្រឹត្តិការណ៍អកុសលគ្រប់ពេលវេលានោះទេ ប៉ុន្តែពួកគេប្រាកដជាចង់សម្ដៅដល់អ្នកដឹកនាំដែលបរាជ័យក្នុងការទប់ស្កាត់គ្រោះមហន្តរាយទាំងនោះ ព្រោះពួកគេបានមើលឃើញពីភាពអសមត្ថភាពរបស់រដ្ឋាភិបាល អនុទិន រួចជាស្រេចទៅហើយ៕

Share.