យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post កាលពីយប់ថ្ងៃទី៤ ខែមីនា នេះថា ប៉ូលីសថៃបានឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ដែលសង្ស័យថា បានចាប់ជំរិតអ្នកគ្រប់គ្រងក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រមួយរូបនៅទីក្រុងបាងកក ដែលត្រូវបានគេជឿថា ត្រូវបានសម្លាប់ រួចដុតសាកសពបំបាត់ភស្តុតាងនៅក្នុងខេត្ត Lop Buri។

ករណីឃាតកម្មដ៏សាហាវ និងការរៀបចំផែនការចាប់ជំរិតនៅកណ្តាលទីក្រុង លើអ្នកគ្រប់គ្រងក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រ ដើម្បីធ្វើទារុណកម្មសម្លាប់ និងដុតកម្ទេចសាកសពបំបាត់ភស្តុតាងនេះ កំពុងបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងក្លាជុំវិញប្រព័ន្ធសន្តិសុខ និងការរឹតបន្តឹងច្បាប់នៅក្នុងប្រទេសថៃ។

យោងតាមលោកឧត្តមសេនីយ៍ត្រី Keattikun Sonthinen មេបញ្ជាការប៉ូលីសនៃកងពលទី២ បានឱ្យដឹងថា មនុស្សចំនួន ៩នាក់បានជាប់ពាក់ព័ន្ធក្នុងករណីនេះ រួមមានមេខ្លោងម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណ និងបុរស ៨នាក់ទៀតដែលត្រូវបានតុលាការចេញដីកាចាប់ខ្លួនពីបទឃុំឃាំងមនុស្សដោយខុសច្បាប់ និងបង្ខិតបង្ខំ។

តាមការស្រាវជ្រាវបឋមជនរងគ្រោះ Rut Maneeprasert អាយុ ៤៦ឆ្នាំ លោកត្រូវបានគេចាប់ជំរិតនៅក្បែរស្រះស្ទូចបង្កងមួយកន្លែងក្នុងផ្លូវ Ratchadaphisek 18 ក្រុងបាងកក កាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងទៅ។ ក្រុមជនល្មើសបានរៀបចំគម្រោងធ្វើឱ្យមានការប៉ះទង្គិចរថយន្ត ដើម្បីចាប់ខ្លួនលោក Rut ក្នុងរយៈពេលត្រឹមតែ ២នាទីប៉ុណ្ណោះ។ បន្ទាប់មកជនល្មើសបាននាំខ្លួនជនរងគ្រោះទៅផ្ទះជួលមួយកន្លែងក្នុងស្រុក Bang Bo ខេត្ត Samut Prakan លុះបានធ្វើសកម្មភាពរួចរាល់ក្រុមជនល្មើសបានដឹកសាកសពទៅខេត្ត Lop Buri។

យ៉ាងណាម៉ិញ ប៉ូលីសបានសន្និដ្ឋានថា សាកសពដែលត្រូវបានដុតខ្លោចនៅក្នុងបន្ទប់ទឹកនៃផ្ទះបោះបង់ចោលមួយក្នុងស្រុក Chai Badan ខេត្ត Lop Buri កាលពីថ្ងៃអង្គារ ត្រូវបានគេជឿថា ជាសពរបស់ជនរងគ្រោះឈ្មោះ Rut Maneeprasert។ មន្ត្រីកោសល្យវិច័យបានរកឃើញស្នាមឈាមនៅទីនោះ ដែលបង្ហាញថា ជនរងគ្រោះត្រូវបានសម្លាប់ដោយក្រុមឃាតកមានគ្នា ៣នាក់។ ស្ថានភាពសាកសព គឺ ត្រូវបានគេចងស្លាបសេក បិទភ្នែក និងញាត់មាត់។ ទោះជាយ៉ាងណាក្ដី ពេលនេះ កំពុងរង់ចាំលទ្ធផលពិនិត្យ DNA ដើម្បីបញ្ជាក់អត្តសញ្ញាណជាផ្លូវការ។

ទាក់ទិននឹងបញ្ហានេះ ប៉ូលីសបានឱ្យដឹងថា មេខ្លោងបានជួលក្រុមឃាតកក្នុងតម្លៃ ៣០០,០០០បាត និងសន្យាថានឹងផ្តល់ជូន ៥០,០០០បាត បន្ថែមទៀត ប្រសិនបើដកហូតទូរស័ព្ទដៃរបស់ជនរងគ្រោះបាន។ មូលហេតុត្រូវបានគេសង្ស័យថា កើតចេញពីរឿងប្រចណ្ឌ បន្ទាប់ពីមេខ្លោងបានឃើញវីដេអូស្និទ្ធស្នាលរវាងមិត្តស្រីរបស់ខ្លួន និងជនរងគ្រោះ ឬអាចពាក់ព័ន្ធនឹងជម្លោះផលប្រយោជន៍។ បច្ចុប្បន្នមានជនសង្ស័យ ២ នាក់កំពុងគេចខ្លួន គឺមេខ្លោងមិនស្គាល់ឈ្មោះ និងលោកអនុត្រី Phumet Ngernsrichai អាយុ ៤៨ ឆ្នាំ ដែលជាអ្នកគ្រប់គ្រងនៅសាលាកងទ័ពបម្រុង។ លោក Phumet ត្រូវបានគេជឿថា បានរត់គេចខ្លួនទៅកាន់ប្រទេសឡាវ តាមរយៈខេត្ត Nakhon Phanom ឬ Nong Khai។

មែនទែនទៅ សំណុំរឿងនេះកាន់តែស្មុគស្មាញ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នរដ្ឋ នៅពេលដែលជនសង្ស័យម្នាក់ក្នុងចំណោមនោះ​ មានតួនាទីជាមន្ត្រីនៅសាលាកងទ័ពបម្រុងរបស់ប្រទេស ហើយភាពអនាធិបតេយ្យទាំងនេះបានចាក់ឫសក្នុងសង្គមថៃ ដោយសារតែមានមន្រ្តីគ្រាក់ៗចាំកាងការពារ។ ជាមួយគ្នា ការដែលឧក្រិដ្ឋជនអាចជួលផ្ទះសម្រាប់សម្លាប់មនុស្ស ដឹកសាកសពឆ្លងខេត្ត និងមានមន្ត្រីយោធាចូលរួមផងនោះ បានធ្វើឱ្យមុខមាត់នៃវិស័យទេសចរណ៍ និងទំនុកចិត្តវិនិយោគិនបរទេសចំពោះសុវត្ថិភាពក្នុងប្រទេសថៃ ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕

ប្រភព៖ Bangkok Post

Share.