យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានដល់ដំណាក់កាលរីករាលដាលយ៉ាងខ្លាំង បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធធុនធ្ងន់នៅក្រៅតំបន់មជ្ឈិមបូព៌ា។

កាលពីថ្ងៃពុធ ទី៤ ខែមីនា នាវាមុជទឹករបស់សហរដ្ឋអាមេរិកបានបើកការវាយប្រហារបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ មួយគ្រឿងនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសស្រីលង្កា ដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីតំបន់ឈូងសមុទ្រពែរ្ស។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨០នាក់បាត់បង់ជីវិត ដែលជាសញ្ញានៃការរីកសាយភាយសមរភូមិសង្គ្រាមកាន់តែធំ។

ក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធការពារដែនអាកាសរបស់អង្គការ NATO បានបាញ់កម្ទេចគ្រាប់មីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ ដែលត្រូវបានបាញ់សំដៅទៅកាន់ទឹកដីប្រទេសតួកគី។ នេះគឺជាលើកទីមួយហើយដែលតួកគីត្រូវបានទាញឱ្យចូលក្នុងជម្លោះនេះ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់ថា ហេតុការណ៍នេះមិនទាន់ឈានដល់កម្រិតដែលត្រូវប្រើប្រាស់ «មាត្រាការពារសមូហភាព» របស់អង្គការ NATO នៅឡើយទេ។

លោក Hegseth បានបន្ថែមថា ការវាយប្រហារដោយនាវាមុជទឹកអាមេរិកលើនាវាអ៊ីរ៉ង់នៅជិតឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសស្រីលង្កា បង្ហាញពីការរីកសាយភាយនៃសង្គ្រាមរាប់ពាន់គីឡូម៉ែត្រពីតំបន់ឈូងសមុទ្រពែរ្ស។ បច្ចុប្បន្ន ការដឹកជញ្ជូនតាម ច្រកសមុទ្រ Hormuz ត្រូវបានកាត់ផ្ដាច់អស់រយៈពេល ៥ថ្ងៃមកហើយ ដែលធ្វើឱ្យរាំងស្ទះដល់លំហូរប្រេង និងឧស្ម័នដ៏សំខាន់ពីមជ្ឈិមបូព៌ា។

យ៉ាងណាម៉ិញ ការកើនឡើងកម្តៅនៃសង្គ្រាមនេះ បានកើតឡើងស្របពេលដែលកូនប្រុសដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បង្ហាញខ្លួនជាបេក្ខភាពឈានមុខគេក្នុងការបន្តតំណែងពីឪពុកដែលត្រូវបានសម្លាប់។ នេះជាសញ្ញាបង្ហាញថា ទីក្រុងតេអេរ៉ង់នឹងមិនចុះចាញ់នឹងសម្ពាធនោះទេ បើទោះបីជាយុទ្ធនាការវាយប្រហារដោយកងកម្លាំងយោធារបស់អាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ រយៈពេល ៥ថ្ងៃមកនេះ បានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឱ្យទីផ្សារពិភពលោកមានភាពរង្គោះរង្គើក៏ដោយ។

បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាផ្តល់ការការពារដល់នាវាដឹកថាមពល ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដែលកំពុងរង្គោះរង្គើ៕

ប្រភព៖ CNA

Share.