បាត់ដំបង៖ ថ្នាក់ដឹកនាំ​នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានព្រមានយ៉ាងតឹងរឹងថា មន្ត្រីនគរបាលរូបណាដែលរកឃើញមានការពាក់ព័ន្ធ ឬរួមគំនិតជាមួយក្រុមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ត្រូវត្រៀមខ្លួនរបូតតំណែង និងទទួលវិធានការតាមវិន័យកងកម្លាំង ព្រមទាំងច្បាប់ជាធរមាន។

ការព្រមាននេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសអន្តរក្រសួង ពាក់ព័ន្ធនឹងការគ្រប់គ្រងទីតាំងស្នាក់នៅ និងនីតិវិធីផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងដែលមិនអនុវត្តតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានណែនាំឱ្យកងកម្លាំងទាំងអស់ ពង្រឹងការធ្វើរដ្ឋបាលនៅតាមមូលដ្ឋាន ត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស ឱ្យបានច្បាស់លាស់ និងសហការជាមួយម្ចាស់ទីតាំងក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ មិនលាក់លៀម។ 

ករណីរកឃើញសកម្មភាពសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសឆបោកអនឡាញឱ្យមានប្រសិទ្ធភាព។ មួយវិញទៀតត្រូវរៀបចំផែនការត្រួតពិនិត្យប្រព័ន្ធសន្តិសុខ CCTV ប្រព័ន្ធអន្តរាគមន៍ក្នុងករណីមានគ្រោះអគ្គិភ័យ ឬឧប្បត្តិហេតុផ្សេងៗ ពិនិត្យច្រកចេញ ចូល ធានាសុវត្ថិភាពខ្ពស់ ស្របតាមនិយាមបច្ចេកទ្ទេស និងចុងក្រោយត្រូវកំណត់ការសហការរាយការណ៍ពីក្រុមសន្តិសុខនៅទីកន្លែងផ្ទាល់ដើម្បីផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលជំនាញ ក្នុងករណីមានហានិភ័យនានាកើតឡើង។

លោកបានបញ្ជាក់ថា ការពាក់ព័ន្ធជាមួយក្រុម Scam Online គឺជាអំពើប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងភាពជឿជាក់របស់ស្ថាប័ន។ ដូច្នេះ មន្ត្រីណាដែលបំពាន នឹងត្រូវទទួលខុសត្រូវទាំងស្រុង រួមទាំងការដកតំណែង និងចាត់វិធានការតាមច្បាប់ ដោយគ្មានការលើកលែងឡើយ៕

អត្ថបទ÷ ដំបងក្រញូង

Share.