ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥០,០០០រៀលក្នុងម្នាក់ នាឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ និង ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជូនដល់មន្ត្រីរាជការ និងមុខសញ្ញាពាក់ព័ន្ធជាច្រើនទៀត។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ប្រាក់ឧបត្ថម្ភនេះ ត្រូវផ្តល់ជូនដល់ មន្ត្រីរាជការស៊ីវិល នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្រ្តីរាជការនៃអាជ្ញាធរសវកម្មជាតិ ព្រមទាំងមន្ត្រីនៃស្ថាប័នជាតិផ្សេងៗ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្ដែត និងមន្ត្រីថ្នាក់ក្រោមជាតិ រួមមានសមាជិកក្រុមប្រឹក្សា ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ។
ជាមួយគ្នានេះ និវត្តជន អតីតយោធិន អតីតមន្ត្រីនគរបាល និងអតីតមន្ត្រីរាជការស៊ីវិល ក៏ទទួលបានប្រាក់ឧបត្ថម្ភនេះផងដែរ។ ចំណែកគ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥០,០០០រៀលក្នុងមួយគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២៦នេះ។
អនុក្រឹត្យបញ្ជាក់ថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ បុណ្យចូលឆ្នាំថ្មី នឹងអនុវត្តដំណាលគ្នាជាមួយការបើកប្រាក់បៀវត្សប្រចាំខែមេសា និងត្រូវបញ្ចប់យ៉ាងយូរបំផុត ត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ចំណែកប្រាក់ឧបត្ថម្ភសម្រាប់ បុណ្យភ្ជុំបិណ្ឌ នឹងបើកដំណាលគ្នាជាមួយប្រាក់បៀវត្សប្រចាំខែតុលា និងបញ្ចប់យ៉ាងយូរបំផុត មុនថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការរៀបចំ និងអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ ឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវតាមនីតិវិធី៕




