បាត់ដំបង៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ប្រេងម៉ាស៊ូតទើបតែទិញ២៧កាដុង ត្រូវបានភ្លើងឆេះអស់គិតជាប្រាក់ជាង១៦០លានរៀល កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១៣ ក្នុងភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ សង់ពីឈើប្រក់ស័ង្កសី  ទំហំ១២ម៉ែត្រx២០ម៉ែត្រ ម្ចាស់រងគ្រោះឈ្មោះ ផុន ស៊ីភូ ភេទប្រុស អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំសន្តិភាព រស់នៅផ្ទះកើតហេតុ។

តាមប្រភពបានឱ្យដឹងថា ម្ចាស់ផ្ទះទើបតែទិញប្រេងម៉ាស៊ូតចំនួន២៧កាដុង សម្រាប់ទុកចាក់ម៉ាស៊ីនច្រូតសម្រាប់ការងារស្រែចម្ការផ្ទាល់ខ្លួន ស្រាប់តែនៅវេលាម៉ោងខាងលើ អគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ទាំងទ្រព្យសម្បត្តិ គ្រឿងសង្ហារឹម មាសប្រាក់ លុយកាក់ សរុបប្រមាណជាង១៦០លានរៀល។

ក្នុងហេតុការណ៍ខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុក ជួយអន្តរាគមន៍៕

អត្ថបទ៖ តាតុងសែនជ័យ

Share.