ភ្នំពេញ៖ ផ្ទះស្លប្រេងមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ រាលដាលដល់យានដ្ឋានជួសជុលគ្រឿងចក្រមួយខ្នងទៀត រងខូចខាតអស់ទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅដីឡូគ្មានលេខ ផ្លូវ១៧២៩ ក្រុម៣​ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ភ្លើងឆាបឆេះផ្ទះស្លប្រេង កែច្នៃប្រេង ដែលសង់ពីគ្រោងដែកប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx៦ម៉ែត្រ ឆេះសន្ធោសន្ធៅអស់សម្ភារៈ ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ហើយភ្លើងឆេះរាលដាលដល់យានដ្ឋានជួសជុលគ្រឿងចក្រ អេស្កាវ៉ាទ័រ មួយខ្នងទៀត ដែលសង់ពីគ្រោងដែកប្រក់ស័ង្កសី ទំហំ២០ម៉ែត្រx២០ម៉ែត្រ អស់ទាំងទ្រព្យសម្បត្តិ។

គ្រោះអគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ចេញទៅជួយអន្តរាគមន៍បាញ់ទឹកឱ្យភ្លើងរលត់ទៅវិញនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃដដែល។ ចំពោះមូលហេតុ ទោះជាមានការសង្ស័យផ្សេងៗគ្នាយ៉ាងណាក្តី សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

អត្ថបទ៖ តាតុងសែនជ័យ

Share.