ក្រុមមនុស្សកែភេទ ២នាក់ ត្រូវបានគេឃើញរត់ទាំងអាក្រាតកាយតាមដេញភ្ញៀវទេសចរបរទេសម្នាក់ ព្រមទាំងជេរប្រមាថ និងទាមទារប្រាក់ឈ្នួលសេវាផ្លូវភេទ នៅក្បែរឆ្នេរសមុទ្រប៉ាតាយ៉ា កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍​ ម្សិលម៉ិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា អ្នកទាំង២ បានកាន់ដុំឥដ្ឋ គំរាមកំហែងភ្ញៀវទេសចរ និងទាមទារលុយកាក់ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរឆ្លងកាត់ទីនោះ។ មន្ត្រីសាលាក្រុងប៉ាតាយ៉ាម្នាក់បានឱ្យដឹងថា គាត់បានឃើញអ្នករកស៊ីផ្លូវភេទទាំង២នាក់ ដេញតាមភ្ញៀវទេសចរជនជាតិឥណ្ឌាម្នាក់ទាំងអាក្រាតកាយ ហើយស្រែកថាបុរសនោះបានប្រើហិង្សាលើពួកគេ។ លុះឃើញបែបនេះ លោកក៏បានសុំកន្សែងពីអាជីវករក្បែរនោះ ដើម្បីមកគ្របដណ្ដប់រាងកាយស្ត្រីទាំង២នាក់។

ក្រោយមក បន្ទាប់ពីមានការសម្របសម្រួលពីមន្ត្រី និងអ្នកនៅក្បែរនោះ ស្ថានការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញ ដោយភ្ញៀវទេសចររូបនោះបានយល់ព្រមបង់ប្រាក់ឱ្យពួកគេដោយក្នុងម្នាក់ៗទទួលបានប្រាក់ ១,០០០បាត។ អាជ្ញាធរបានលើកឡើងថា ហេតុការណ៍នេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រូបភាព «ទីក្រុងទេសចរណ៍» របស់ប៉ាតាយ៉ា។

យ៉ាងណាម៉ិញ ហេតុការណ៍នេះមិនត្រឹមតែជាជម្លោះបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីចំណុចអវិជ្ជមានមួយចំនួននៃវិស័យទេសចរណ៍របស់ប្រទេសថៃផងដែរ បើទោះបីជាអាជ្ញាធរថៃតែងតែព្យាយាមលើកកម្ពស់រូបភាពទេសចរណ៍បែបវប្បធម៌ និងធម្មជាតិក៏ដោយ ប៉ុន្តែតថភាពពិតនៅប៉ាតាយ៉ា នៅតែបង្ហាញឱ្យឃើញថា អាជីវកម្មផ្លូវភេទដែលខុសច្បាប់ (តែគេដឹងគ្រប់គ្នា) នៅតែជាចំណុចទាក់ទាញដ៏ចម្បង និងបង្កឱ្យមានភាពអនាធិបតេយ្យដដែល ហើយការដែរមានមនុស្សអាចរត់ចេញក្រៅទាំងអាក្រាតកាយកណ្ដាលក្រុង និងកាន់ដុំឥដ្ឋ ដេញតាមភ្ញៀវទេសចរ បង្ហាញពីភាពធូររលុងនៃច្បាប់ និងការធ្វេសប្រហែសលើការការពារសុវត្ថិភាពនៅតំបន់ទេសចរណ៍សំខាន់ៗ៕

ប្រភព៖ Bangkok Post

Share.