ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ នៃសាលាបឋមសិក្សាមួយ ក្នុងខេត្តពោធិ៍សាត់។

ក្រសួងបានបញ្ជាក់ថា សកម្មភាពថតវីដេអូ និងការប្រើពាក្យសំដីមិនសមរម្យរបស់បុគ្គលម្នាក់ ដែលបានចូលរំខានដល់ការបំពេញការងាររបស់គ្រូបង្រៀន និងការសិក្សារបស់សិស្សក្នុងបរិវេណសាលារៀន គឺជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែរជារៀងមក ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពខ្ពស់ចំពោះមន្ត្រីរាជការ និងបុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។

ជាមួយគ្នានេះ ក្រសួងក៏បានស្នើឱ្យម្ចាស់គណនី Facebook និងអ្នកដែលបានចែកចាយវីដេអូខាងលើ លុបវីដេអូចេញជាបន្ទាន់ពីគ្រប់បណ្តាញសង្គម ហើយក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមចៀសវាងសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូ លោកគ្រូ និងមន្ត្រីអប់រំ។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បានព្រមានថា ប្រសិនបើមានសកម្មភាពបែបនេះ ឬសកម្មភាពទាំងឡាយណាដែលធ្វើប៉ះពាល់ដល់កិត្តិយសគ្រូបង្រៀន ជាពិសេសនៅក្នុងបរិវេណសាលារៀន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់៕

Share.