កំពង់ស្ពឺ៖ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន បានចុះត្រួតពិនិត្យក្រុមហ៊ុន Guo Binfen (Cambodia) Food Co., Ltd. ស្ថិតនៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរកឃើញចំណុចខ្វះខាតផ្នែកបច្ចេកទេស និងការល្មើសច្បាប់បរិស្ថាន ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ការចុះត្រួតពិនិត្យនេះ មានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តតាកែវ រដ្ឋបាលស្រុកភ្នំស្រួច រដ្ឋបាលឃុំអូរ អាជ្ញាធរភូមិក្រាំងតាតន់ និងអ្នកសារព័ត៌មាន។

តាមការពិនិត្យ ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនបានរៀបចំប្រព័ន្ធបង្ហូរសំណល់រាវចូលអាងប្រព្រឹត្តិកម្ម ខុសពីការកំណត់ក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ដែលបណ្តាលឱ្យមានក្លិនស្អុយជូរផ្អូម។ ជាមួយគ្នានេះ ការដំណើរការអាងសម្អាតមិនអនុលោមតាមគោលការណ៍បច្ចេកទេស ហើយសមត្ថភាពអាងសម្អាតមិនគ្រប់គ្រាន់សម្រាប់បរិមាណសំណល់រាវជាក់ស្តែង។

សកម្មភាពទាំងនេះ ត្រូវបានរកឃើញថា ល្មើសនឹងមាត្រា ២៨៧ នៃក្រមបរិស្ថាន និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ ល្មើសនឹងមាត្រា ១៧៣ ព្រមទាំងបញ្ចេញសំណល់រាវលើសស្តង់ដារ ល្មើសនឹងមាត្រា ១៥៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់វិធានការចំពោះក្រុមហ៊ុន ដោយតម្រូវឱ្យបញ្ឈប់ការបង្ហូរសំណល់រាវទៅស្រះដីក្រៅបរិវេណក្រុមហ៊ុន ពិនិត្យ និងកែសម្រួលប្រព័ន្ធអាងប្រព្រឹត្តិកម្មសំណល់រាវឡើងវិញ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ស្របតាមស្តង់ដារ ព្រមទាំងត្រូវទទួលការពិន័យអន្តរការណ៍តាមច្បាប់ និងស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់តាមនីតិវិធី៕

អត្ថបទ៖ ត្រយងតូច

Share.