ស្វាយរៀង៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស បានកោះហៅក្មេងទំនើងចំនួន ៥នាក់ មកធ្វើកិច្ចសន្យាអប់រំ និងឱ្យអាណាព្យាបាលធ្វើលិខិតធានាយកទៅផ្ទះវិញ បន្ទាប់ពីពួកគេថតរូបកាន់វត្ថុរឹងបង្ហោះលើបណ្ដាញសង្គម បង្កការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។




សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៩៖៣៥នាទីព្រឹក កម្លាំងជំនាញបានធ្វើលិខិតកោះហៅយុវជន ៥នាក់ ក្រោយរកឃើញថា ពួកគេបានថតរូបកាន់ដែកបំពង់ទីប ដុំថ្ម ខ្សែក្រវ៉ាត់ និងជំពាមកៅស៊ូ បង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Ah Fhh lh (Pk)។
តាមការសាកសួរ ក្រុមយុវជនទាំងនេះបានសារភាពថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ២១៖៤០នាទី ពួកគេបានបបួលគ្នាដើរលេងនៅភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំ ហើយបានថតរូបកាន់វត្ថុខាងលើ ដើម្បីបង្ហាញជាក្រុមក្មេងទំនើង មុននឹងបង្ហោះលើបណ្ដាញសង្គម។




ក្រោយស្តាប់ចម្លើយសារភាព សមត្ថកិច្ចបានរាយការណ៍ជូនថ្នាក់ដឹកនាំ និងសុំយោបល់ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ដែលបានណែនាំឱ្យធ្វើកិច្ចសន្យាអប់រំ និងឱ្យអាណាព្យាបាលធានាយកទៅផ្ទះវិញ ដើម្បីអប់រំបន្ត កុំឱ្យប្រព្រឹត្តអំពើប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម និងផ្លូវច្បាប់ម្ដងទៀត៕
អត្ថបតទ៖កណ្តាល

