ត្បូងឃ្មុំ៖ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ អញ្ជើញជួបសំណេះសំណាល ស្វាគមន៍ និងអមដំណើររក្សាសុវត្ថិភាព ជូនដល់សមាគមស៊ីក្លូកម្ពុជា ក្នុងឱកាសធ្វើដំណើរឆ្លងកាត់ទឹកដី ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ ខេត្តស្ទឹងត្រែង។

ដំណើរជិះស៊ីក្លូនេះ ចាប់ផ្តើមចេញពី រាជធានីភ្នំពេញ ក្រោមពាក្យស្លោក «ផ្ដល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា» ក្នុងគោលបំណងអបអរសាទរទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២៦ ព្រមទាំងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរណ៍ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា» និងគាំទ្រ ការអភិរក្សអាជីពស៊ីក្លូជាប្រពៃណីខ្មែរ។

បើតាមការបញ្ជាក់របស់លោក អឿន រិទ្ធ ក្រុមស៊ីក្លូនៃសមាគមស៊ីក្លូកម្ពុជា បានធ្វើដំណើរកាត់តាមបណ្ដាខេត្តមួយចំនួន រួមមាន ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និង ខេត្តក្រចេះ ដោយគ្រោងធ្វើដំណើរចម្ងាយប្រមាណ៣៧០គីឡូម៉ែត្រ មុនទៅដល់គោលដៅចុងក្រោយនៅខេត្តស្ទឹងត្រែង។

លោកបានបន្តថា ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ បានចូលរួមសម្របសម្រួល និងធានាសុវត្ថិភាពជូនដល់អ៊ុំៗ ពូៗ ដែលជាអ្នកធាក់ស៊ីក្លូ។ នេះក៏ជាលើកទី១ផងដែរ ដែលសមាគមស៊ីក្លូកម្ពុជា បានមកដល់ទឹកដីខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា សមាគមស៊ីក្លូកម្ពុជា ទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ២០១៨ មក ដោយមានការឧបត្ថម្ភ និងលើកទឹកចិត្តដល់អ្នកប្រកបអាជីពធាក់ស៊ីក្លូ ដើម្បីថែរក្សា និងអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិឲ្យបន្តមាននិរន្តរភាព៕

អត្ថបទ៖ អាចារ្យលាក់

Share.