កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ស្ត្រីខ្មែរគ្រប់រូប បង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវត្តន៍លូតលាស់ និងរីកចម្រើនជាមួយប្រាជ្ញា ស្មារតី និងបទពិសោធ ដោយឈរលើគន្លងផ្លូវប្រកបដោយគតិបណ្ឌិត។


ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមចំណែកយ៉ាងសកម្មក្នុងការកសាង និងថែរក្សាសន្តិភាព ព្រមទាំងចាត់វិធានការការពារ និងលុបបំបាត់រាល់ឧបសគ្គដែលបង្កផលប៉ះពាល់អវិជ្ជមានដល់ស្ត្រី និងគ្រួសារ។

ឯកឧត្តមបានបញ្ជាក់ថា ស្ត្រីមានតួនាទីសំខាន់ក្នុងសង្គម និងគ្រួសារ ជាពិសេសក្នុងការរួមចំណែកអភិវឌ្ឍសង្គមឱ្យមានចីរភាព ស្ថិរភាព និងវិបុលភាព។


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា ដើម្បីកសាងសង្គមដែលមានបរិយាបន្ន សមធម៌ និងសុខដុមរមនា ត្រូវបន្តអនុវត្តគោលនយោបាយ និងវិធានការនានា ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពស៊ីជម្រៅក្នុងការអនុវត្ត៕

អត្ថបទ÷អាចារ្យលាក់

Share.