តើថៃព្រមបើកដៃឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិ អ៊ូតាផៅ ខេត្តរៈយ៉ង ដើម្បីធ្វើប្រតិបត្តិការវាយប្រឆាំង អ៊ីរ៉ង់មែនទេ?
តាមកាសែត The National Thailand កាលពីថ្មីៗនេះ បានផ្សព្វផ្សាយរបាយការណ៍ព័ត៌មានមួយចំនួនថា លោក Sean K. O’Neill ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ អនុទិន កាលពីថ្ងៃទី៤ ខែមីនា ដើម្បីស្នើសុំប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិ អ៊ូតាផៅ (U-Tapao Airport) ក្នុងខេត្តរៈយ៉ង ជាមូលដ្ឋានប្រតិបត្តិការយោធាសម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។

របាយការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងក្នុងប្រទេសថៃ និងនៅលើឆាកអន្តរជាតិ។ លោក សីហស័ក្ត ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការដែលពាក់ព័ន្ធនឹងការប្រើប្រាស់អាកាសយានដ្ឋានរបស់ថៃ ដូចជាការអនុញ្ញាតឱ្យយន្តហោះហោះហើរកាត់ដែនអាកាស និងការចាក់ប្រេង ដែលជាការរៀបចំផ្នែកសន្តិសុខធម្មតា ដែលថៃអនុវត្តជាមួយបណ្តាប្រទេសជាច្រើន។
ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ការអនុញ្ញាតឱ្យប្រើប្រាស់អាកាសយានដ្ឋានរបស់ថៃ ជាមូលដ្ឋានប្រតិបត្តិការសម្រាប់វាយប្រហារប្រទេសផ្សេង ដែលសំដៅលើអ៊ីរ៉ង់ គឺ មិនស្ថិតនៅក្នុងគោលនយោបាយរបស់ប្រទេសថៃឡើយ ប៉ុន្តែក៏មិនបានបដិសេធថាមិនទទួលយកសំណើររបស់អាមេរិកដូចគ្នា។
យ៉ាងណាមិញ ថៃបានប្រើលេសបិទបាំងការរួមដៃប្រឆាំងនឹងអ៊ីរ៉ង់ថា ជាការធានាសុវត្ថិភាពប្រជាពលរដ្ឋថៃ ដែលមានជាង ១០០,០០០នាក់ នៅក្នុងតំបន់មជ្ឈិមបូព៌ា គឺជាអាទិភាពចម្បង។ ហើយប្រកែកថា ថៃមិនមែនជាភាគីនៃជម្លោះនេះទេ ដូច្នេះគឺមិនលូកដៃក្នុងជម្លោះឡើយ។ រដ្ឋមន្ត្រីការទូតថៃបានប្រើប្រាស់ភាសាទន់ភ្លន់ដូចចចកពាក់ស្បែកចៀមថា ថៃចង់ឃើញដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាការទូត ជាជាងប្រើប្រាស់មធ្យោបាយយោធា ហើយដំណោះស្រាយត្រូវតែផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក សីហស័ក្ត ភួងកេតកែវ បានសម្តែងការព្រួយបារម្ភចំពោះការរិះគន់ពីអ្នកជំនាញ និងអតីតមន្ត្រីមួយចំនួន ដែលចោទថាថៃខ្វះភាពច្បាស់លាស់។ ប៉ុន្តែតាមរយៈការបញ្ជាក់ជាផ្លូវការរបស់ក្រសួងការបរទេសថៃ អ្នកវិភាគអាចសន្និដ្ឋានបានថា របាយការណ៍ស្តីពីការស្នើសុំប្រើប្រាស់អាកាសយានដ្ឋាន អ៊ូតាផៅ ជាមូលដ្ឋានវាយប្រហារអ៊ីរ៉ង់ គឺគ្មានភាពស្រពិចស្រពិលឡើយ ៕

