ក្រោយដាក់ចេញជាមួយគោលនយោបាយបិទច្រកព្រំដែនជាមួយកម្ពុជាយ៉ាងដាច់ខាត របស់បក្សភូមិចៃថៃ វិស័យនាំចេញរបស់ថៃបានកំពុងរងការប៉ះទង្គិចយ៉ាងដំណំពីសង្រ្គាមនៅមជ្ឈិមបូព៌ាដូចគ្នា ជាហេតុធ្វើឱ្យទំនិញថៃជាប់គាំងគ្មានច្រកចេញ ទាំងផ្លូវគោក និងផ្លូវទឹក ដែលបណ្តាលឱ្យខាតបង់យ៉ាងធ្ងន់ធ្ងរ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានចាប់ផ្តើមជះឥទ្ធិពលដោយផ្ទាល់ដល់ការនាំចេញរបស់ថៃហើយ។ មូលហេតុចម្បងគឺផ្លូវដឹកជញ្ជូនតាមសមុទ្រក្នុងតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមនឹងហានិភ័យកាន់តែខ្លាំង រហូតដល់ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានបញ្ឈប់ការទទួលទំនិញ។

លោក Visit Limlurcha អនុប្រធានសភាពាណិជ្ជកម្មថៃ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមអ្នកនាំចេញកំពុងប្រឈមនឹងបញ្ហាធំៗចំនួនដូចជា តម្លៃធានារ៉ាប់រងលើហានិភ័យសង្រ្គាម បានហក់ឡើងខ្ពស់ ដែលធ្វើឱ្យថ្លៃដើមទំនិញកើនឡើងយ៉ាងខ្លាំង។

ទំនិញថៃមួយចំនួនកំពុងយឺតយ៉ាវ និងជាប់គាំង ដោយក្រុមហ៊ុននាំចេញត្រូវបង្ខំចិត្តជ្រើសរើសរវាងការដឹកទំនិញត្រឡប់មកប្រទេសថៃវិញ ឬរក្សាទុកទំនិញទាំងនោះជាបណ្តោះអាសន្ននៅតាមកំពង់ផែស្នូល ដូចជានៅប្រទេសសិង្ហបុរីជាដើម។

លោកបានបន្ថែមទៀតថា ទិន្នន័យពីសភាពាណិជ្ជកម្មថៃ បង្ហាញថាការនាំចេញរបស់ថៃទៅកាន់តំបន់មជ្ឈិមបូព៌ា មានចំនួនប្រហែល ៥% នៃការនាំចេញសរុប ឬស្មើនឹងប្រមាណ ១២.៦ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ជាមួយនឹងការរំខានដល់ខ្សែសង្វាក់ដឹកជញ្ជូននាពេលបច្ចុប្បន្ន ការប៉ាន់ប្រមាណបានបង្ហាញថា ការខូចខាតកំពុងកើតមានក្នុងតម្លៃប្រហែល ៣៣.៣ពាន់លានបាត ឬ ១ពាន់លានដុល្លារក្នុងមួយខែ។

លោកបន្ថែមថា អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ភាពតានតឹងតាមព្រំដែនជាមួយកម្ពុជា ដែលអាចបិទច្រកទ្វារពាណិជ្ជកម្មគោកដ៏សំខាន់មួយ។ វិបត្តិភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាកំពុងបិទផ្លូវទឹក និងបង្កើនថ្លៃដើមដឹកជញ្ជូនយ៉ាងសន្ធឹកសន្ធាប់។

ខណៈដែលស្ថានការណ៍នៅមជ្ឈិមបូព៌ាហាក់ពុំទាន់មានសញ្ញាធូរស្រាលនៅឡើយ ហើយបញ្ហាព្រំដែនជាមួយកម្ពុជាក៏ពុំទាន់ឃើញដំណោះស្រាយច្បាស់លាស់ វិស័យនាំចេញរបស់ថៃកំពុងស្ថិតក្នុងស្ថានភាពប្រឈមខ្ពស់បំផុត។ ការខាតបង់ ១ពាន់លានដុល្លារក្នុងមួយខែ គឺជាតួលេខដ៏តក់ស្លុតមួយ ដែលទាមទារឱ្យរដ្ឋាភិបាលថៃត្រូវតែមានវិធានការជាបន្ទាន់ ដើម្បីស្វែងរកផ្លូវដឹកជញ្ជូនជំនួស ការចរចារក្នុងតំបន់ និងការគាំទ្រដល់ក្រុមអ្នកនាំចេញឱ្យឆ្លងផុតវិបត្តិនេះឱ្យបានឆាប់បំផុត៕

Share.