វ៉ាស៊ីនតោន៖ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការឡើងកម្តៅនៃសង្គ្រាមពាក្យសម្តី និងការគំរាមកំហែងខាងយោធា បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសក្តែងៗ កាលពីថ្ងៃអាទិត្យ ម្សិលម៉ិញថា ជោគវាសនារបស់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺស្ថិតក្នុងកណ្តាប់ដៃរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមុនពេលប្រកាសឈ្មោះមេដឹកនាំអ៉ីរ៉ង់ថ្មី លោក ត្រាំ បានថ្លែង ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃទី៨ ខែមីនា នេះ ថា៖ «អ្នកស្នងតំណែងថ្មីត្រូវតែទទួលបានការយល់ព្រមពីយើង។ ប្រសិនបើគាត់មិនទទួលបានការយល់ព្រមពីយើងទេ គាត់នឹងរស់បានមិនយូរឡើយ»។ លោកបន្ដថា «មេដឹកនាំថ្មីអ៉ីរ៉ង់ជាមនុស្សខ្វះសមត្ថភាព និងមិនអាចទទួលយកបាន»។
លើសពីនេះ លោក ត្រាំ បានបង្ហោះសារលើបណ្ដាញសង្គម Truth Social ដោយសរសេរថា «អាមេរិកនឹងមិនធ្វើកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ទាំងអស់ ក្រៅតែពីការឱ្យអ៉ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការដែលត្រូវបានផ្សព្វផ្សាយនៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ (ម៉ោងនៅអ៊ីរ៉ង់) ក្រុមប្រឹក្សាអ្នកជំនាញរបស់អ៊ីរ៉ង់បានសម្រេចជ្រើសរើសលោក Mojtaba Khamenei វ័យ ៥៦ឆ្នាំ ដែលជាកូនប្រុសរបស់អតីតមេដឹកនាំកំពូលអីរ៉ង់ លោក Ali Khamenei ឱ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលទី៣ នៃសាធារណរដ្ឋឥស្លាម។ ការប្រកាសអ្នកកាន់តំណែងថ្មីនេះបានធ្វើឡើងបន្ទាប់ពីលោក Ali Khamenei ត្រូវបានគេធ្វើឃាតកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។

ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានវាយបកវិញយ៉ាងចាស់ដៃតាមរយៈ NBC ថា «សហរដ្ឋអាមេរិកគ្មានសិទ្ធិជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ឡើយ ហើយលោកបានទាមទារឱ្យលោក ត្រាំ «សុំទោសជាសាធារណៈ» ចំពោះការបង្កសង្គ្រាមដែលកំពុងឆាបឆេះតំបន់មជ្ឈិមបូព៌ាទាំងមូល។


យោងតាមអ្នកវិភាគនយោបាយមួយចំនួន បានព្រមានថា នៅមិនទាន់មានផ្លូវច្បាស់លាស់ណាមួយ ដើម្បីបញ្ចប់ជម្លោះនេះឡើយ ខណៈមន្ត្រីអាមេរិក និងអ៊ីស្រាអែលយល់ថា អាចនឹងអូសបន្លាយពេលមួយខែ ឬលើសពីនេះ។ លោក ត្រាំ បានផ្តល់ជាយោបល់ថា សេដ្ឋកិច្ចអ៊ីរ៉ង់អាចត្រូវបានកសាងឡើងវិញ ប្រសិនបើមានមេដឹកនាំម្នាក់ដែល «ទីក្រុងវ៉ាស៊ីនតោនអាចទទួលយកបាន» ឡើងមកជំនួសតំណែងលោក Khamenei។ ចំណែកឯមហាអំណាចចិន និងរុស្ស៊ី នៅតែបន្តស្ថិតនៅក្រៅសង្វៀននៅឡើយ បើទោះបីជាមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងតេអេរ៉ង់ក៏ដោយ។
អ្នកវិភាគយល់ឃើញថា លោក Mojtaba Khamenei ដែលមានទំនាក់ទំនងស្អិតរមួតជាមួយកងឆ្មាំបដិវត្តន៍ (IRGC) មាននិន្នាការរឹងរុះជាងឪពុករបស់លោកទៅទៀត។ ក្រុមអ្នកវិភាគបារម្ភថា លោកអាចនឹងសម្រេចចិត្តចុងក្រោយក្នុងការផលិត «គ្រាប់បែកបរិមាណូ» ដើម្បីតតាំងនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។

