ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត នគរ​បាល ជំនាន់ទី១៣ ចំនួន២០៧នាក់ នារី៦៤នាក់ និងសិស្សនគរបាលថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ ចំនួន១០០នាក់ នារី ៣០នាក់។ សរុប ៣០៧នាក់ នារី ៩៤នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាល កម្ពុជាបានថ្លែងសុន្ទរកថាស្វាគមន៍និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ រួមនឹងសមិទ្ធផល​នានាជាច្រើន ពិសេស អំពីកំណែទម្រង់ដែលបណ្ឌិត្យសភាបាននិងកំពុងធ្វើយ៉ាងសកម្មលើការងារស្នូលសំខាន់ៗ ដូចជា ការដឹកនាំ ការបណ្តុះបណ្តាល ការស្រាវជ្រាវ មន្ទីរពិសោធន៍ សារមន្ទីរ និងការងារឌីជីថល ព្រមទាំងអនុវត្តផែនការយុទ្ធសាស្រ្តដំណាក់កាលទី៣ ផែនការស្រាវជ្រាវ-មន្ទីរពិសោធន៍ និងផែនការអភិវឌ្ឍធនធានគ្រូ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ដោយមើលឃើញតួនាទីនិងភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ មានសារៈសំខាន់សម្រា​ប់ប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអភិវឌ្ឍនិងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរប្រកបដោយមោទនភាពយ៉ាងខ្លាំង អំពីការវិវត្តរីកចម្រើនរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាល ជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ ទាំងផ្នែកហេដ្ឋារចនា សម្ព័ន្ធរឹងនិងទន់ ការបំពាក់ឧបករណ៍ សម្ភារៈ ការកែលម្អសោភណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ស្តង់ដាគុណភាព លើការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងកម្លាំង ព្រមទាំងបាន​ថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយអភិវឌ្ឍបណ្ឌិត្យសភា។  ក្រសួងមហាផ្ទៃនៅតែបន្តគាំទ្រឧបត្ថម្ភនិងផ្ដល់អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដុះបណ្ដាល ដើម្បីកសាងធនធាន មនុស្សផ្នែកកងកម្លាំងសម្រាប់បន្តវេនពីមួយជំនាន់ទៅមួយជំនាន់។

ឯកឧត្តមអភិសន្តិបណ្ឌិត ទទួលស្គាល់ថា ក្រោមស្មារតីកែទម្រង់ ទស្សនៈទំនើបកម្មនិយម គំនិតច្នៃប្រឌិតនិងនវានុវត្តន៍ខ្ពស់  បណ្ឌិត្យសភានគរបាលកម្ពុជា បានបន្តបង្កើតស្នាដៃ សមិទ្ធផលថ្មីៗ និងមានវឌ្ឍនភាព ជាបន្តបន្ទាប់ ដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលប្រកបដោយគុណភាពនិងស្តង់ដាខ្ពស់​​ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់និងលើឆាកអន្តរជាតិផងដែរ។ ស្នាដៃ​ ទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងកម្លាំងនគរបាលជាតិ ដែលមានវិជ្ជាជីវៈខ្ពស់ សុចរិតភាព ស្មារតី បម្រើប្រជាពលរដ្ឋ និងភាពស្មោះត្រង់ចំពោះជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងយោធពលខេមរភូមិន្ទនិងវីរនគរបាលជាតិ ដែលបាននិងកំពុងឈរជើងជាប្រចាំនៅសមរភូមិមុខ នៃព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរដល់ប្អូនៗជានិស្សិតនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តមអភិសន្តិបណ្ឌិតបានផ្ដល់កិត្តិយសប្រគល់សញ្ញាបត្រដល់តំណាងនិស្សិតនគរបាល ជ័យលាភីចំនួន២៥នាក់ និងអញ្ជើញប្រគល់ដាវជ័យលាភីកិត្តិយស ដល់ជ័យលាភីជានិមិត្តរូបចំនួន៥នាក់

Share.