ភ្នំពេញ៖ ម្ចាស់ភាគហ៊ុនជាង៣០នាក់ ដែលកាន់កាប់ភាគហ៊ុនសរុបប្រមាណ ៩៣% នៃសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី៥ ចំការដូង បានចេញមុខចោទប្រកាន់ នាយកសាលា លោក កុល ចិន្តា និងនាយករង លោក ហ៊ីម ហុកលេង ថាបានស៊ីដាច់ប្រាក់របស់ក្រុមហ៊ុន និងក្លែងបន្លំយកសាលាធ្វើជាកម្មសិទ្ធិផ្តាច់មុខ។

តាមការអះអាងរបស់លោក សេង ឧត្តម ប្រធានក្រុមប្រឹក្សាភិបាល ម្ចាស់អាគារ និងជាម្ចាស់ភាគហ៊ុន បានឱ្យដឹងថា បច្ចុប្បន្ន ម្ចាស់ភាគហ៊ុនដែលកាន់កាប់ភាគហ៊ុនច្រើន ត្រូវបានហាមឃាត់មិនឱ្យចូលក្នុងអាគារសាលា ខណៈនាយកសាលា និងនាយករង ត្រូវបានចោទថាបានគ្រប់គ្រងសាលាផ្តាច់មុខ។

លោកបានបន្តថា ក្នុងចំណោមម្ចាស់ភាគហ៊ុនដែលអះអាងថារងគ្រោះ មានលោក យ៉ុន សុគន្ធ ដែលបាត់បង់ប្រាក់ជាង ១០ម៉ឺនដុល្លារ និងលោក ជីវ វីរ៉ា បាត់បង់ប្រមាណ ៦ម៉ឺនដុល្លារ ហើយនៅមានម្ចាស់ភាគហ៊ុន និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតក៏អះអាងថារងផលប៉ះពាល់ផងដែរ។


ជាមួយគ្នាក្រុមម្ចាស់ភាគហ៊ុនបានស្នើសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចូលពិនិត្យស្រាវជ្រាវករណីនេះ ដើម្បីរកយុត្តិធម៌ជូនម្ចាស់ភាគហ៊ុនទាំងអស់។

ជុំវិញករណីខាលើនេះ ក្រុមការងារសារព័ត៌មានត្រយង នៅមិនទាន់ទួលបានព័ត៌មាន ឬការឆ្លើយបំភ្លឺពីខាងភាគីដែលត្រូវបានចោទប្រកាន់នៅឡើយទេ។

អត្ថបទ÷សេង សាវី

Share.