ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាកំពុងចាប់ផ្ដើមបន្សល់ស្នាមដានយ៉ាងជាក់ស្ដែងនៅលើ​ទឹក​ដី​ថៃ​បន្ទាប់ពីមានក្រុមប្រជាជនថៃដើមកំណើតឥស្លាមនិកាយស៊ីអ៊ីតជាង ២០០ នាក់នាំគ្នាស្លៀកឈុតខ្មៅប្រមូលផ្ដុំគ្នានៅមុខស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងបាងកកថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីរៀបចំពិធីកាន់ទុក្ខនិងដាក់ផ្កាឧទ្ទិសដល់វិញ្ញាក្ខន្ធមេដឹកនាំកំពូលអ៊ីរ៉ង់ គឺលោក អាលី ខាមេនី ផងនិងសម្ដែងការមិនពេញចិត្តចំពោះ នាយករដ្ឋមន្ត្រី អនុទិនដែលដឹកនាំប្រទេសគ្មានភាពអព្យាក្រឹតផង។

ការប្រមូលផ្ដុំនេះត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យរបស់កម្លាំងនគរបាលថៃយ៉ាងតឹងរឹងនិងដោយសន្តិវិធីប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺវត្តមានបដាពាក្យស្លោកនយោបាយអន្តរជាតិដូចជាសេរីភាពដល់ប៉ាឡេស្ទីនព្រមទាំងកាយវិកាអំពាវនាវដោយផ្ទាល់ទៅកាន់រដ្ឋាភិបាលថៃឱ្យប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសដោយសន្តិវិធីនិងជៀសវាងការអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីថៃជាមូលដ្ឋានយោធាសម្រាប់វាយប្រហារប្រទេសណាមួយ ជាពិសេសសំដៅទៅដល់អ៊ីរ៉ង់។

ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលរដ្ឋាភិបាលថៃកំពុងប្រឈមមុខនឹងសំណួរយ៉ាងច្រើនពីសំណាក់សារព័ត៌មានអន្តរជាតិជុំវិញរបាយការណ៍ដែលថា សហរដ្ឋអាមេរិកបានស្នើសុំប្រើប្រាស់ដែនដីថៃជាពិសេសតំបន់ទ័ពអាកាសយានដ្ឋានអ៊ុតតាផៅ ក្នុងខេត្តរៈយ៉ងធ្វើជាមូលដ្ឋានប្រតិបត្តិការយោធា។

ទោះបីរដ្ឋាភិបាលថៃបានចេញមុខបកស្រាយថាការស្នើសុំនេះគ្រាន់តែជាកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខធម្មតាដូចជាការអនុញ្ញាតឱ្យឆ្លងដែនអាកាស ឬចាក់ប្រេងប៉ុណ្ណោះក៏ដោយក៏ពន្លឺនៃការបកស្រាយនេះមិនទាន់អាចបំបាត់ការព្រួយបារម្ភរបស់ពលរដ្ឋថៃបានទេជាពិសេសចំពោះសហគមន៍មូស្លីមនិកាយស៊ីអ៊ីតនៅក្នុងប្រទេសថៃផ្ទាល់តែម្ដង។

អ្នកចូលរួមមួយចំនួនបានសម្ដែងការមិនពេញចិត្តចំពោះភាពមិនច្បាស់លាស់របស់រដ្ឋាភិបាលក្រោយការដឹកនាំដោយ អនុទិន ហើយបានលើកឡើងថា ពួកយើងជាប្រជាជនថៃប៉ុន្តែពួកយើងក៏មានទំនាក់ទំនងខាងវិញ្ញាណ និងសាសនាជាមួយមេដឹកនាំសាសនានៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។ការលាចាកលោករបស់លោក អាលី ខាមេនី គឺជាការបាត់បង់ដ៏ធំធេងសម្រាប់បងប្អូនឥស្លាមនិកាយស៊ីអ៊ីតទាំងមូល។

ទោះជាយ៉ាងណាការប្រមូលផ្តុំនេះក៏បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនថៃទូទៅផងដែរ។ជាក់ស្ដែង អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានបង្ហាញការមិនពេញចិត្ត នឹងបានចោទសួរទៅកានប្រជាជនថៃកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីតជាង ២០០នាក់នោះថា ៖ហេតុអ្វីបានជាពួកគេនាំសង្រ្គាមមកកាន់ប្រទេសថៃ? នេះមិនមែនជារឿងរបស់ថៃទេ។ ថៃជាប្រទេសអធិបតេយ្យភាព និងជាព្រះរាជាណាចក្រឯករាជ្យ។ គ្មាននរណាម្នាក់នៅទីនេះចង់បានជម្លោះទេ។ សាសនាមិនត្រូវបានរើសអើង ឬគាបសង្កត់ទេហើយយើងទាំងអស់គ្នារស់នៅដោយសុខដុមរមនា លើកលែងតែតំបន់ព្រំដែនភាគខាងត្បូងប៉ុណ្ណោះ។ គ្មាននរណាម្នាក់ចង់ឱ្យរឿងនោះរាលដាលឡើយដូចអ្វីដែលពួកគេបានព្យាយាមធ្វើកាលពីប៉ុន្មានខែមុន។

យើងសង្ឃឹមថារដ្ឋាភិបាលនឹងបញ្ឈប់រឿងនេះ ដើម្បីសន្តិភាពក្នុងប្រទេសថៃ។ រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកអនុទីន បានបន្តយន្តការស្ងៀមស្ងាត់មិនបកស្រាយចម្ងល់របស់ប្រជាជនជាពិសេសការទាមទារពីប្រជាពលរដ្ឋដែលមានទំនាក់ទំនងខាងសាសនានិងមនោសញ្ចេតនាជាមួយភាគីជម្លោះនានា។

បញ្ហាដ៏ធំបំផុតរបស់រដ្ឋាភិបាលថៃនាពេលនេះកំពុងតែប្រឈមមុខគឺហានិភ័យនៃការជ្រៀតចូលកាន់តែជ្រៅនៃជម្លោះអន្តរជាតិ៕

Share.