បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីឆ្នាំ២០២៦ នឹងមិនមានការរៀបចំឲ្យមានការបាញ់ទឹកដោយរថយន្តពន្លត់អគ្គិភ័យ និងការលេងប៉ាតម្សៅដូចឆ្នាំកន្លងមកឡើយ។


ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦» ដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងពិភាក្សាលើការងាររៀបចំកម្មវិធីនានា។
ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ នឹងរៀបចំតាមបែបសាសនា និងប្រពៃណីទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខេត្តបាត់ដំបង ដោយមានការរៀបចំទីតាំងលេងល្បែងប្រជាប្រិយ ការតាំងពិព័រណ៌ម្ហូបអាហារបែបអ្នកបាត់ដំបង ព្រមទាំងការតុបតែងភ្លើងបំភ្លឺតាមទម្រង់ថ្មីជាច្រើន។


ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះ គឺជាផ្នែកមួយក្នុងការបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត ពិសេសដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានស្គាល់កាន់តែច្បាស់ពីអត្តសញ្ញាណវប្បធម៌របស់ខេត្តបាត់ដំបង។
ជាមួយគ្នានេះ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៦ ក៏មិនមានការរៀបចំការប្រគុំតន្ត្រីរាំរែកកម្សាន្ត ការបាញ់ទឹកពីលើរថយន្តអគ្គិភ័យ និងការលេងប៉ាតម្សៅដូចឆ្នាំមុនៗផងដែរ។ ទោះយ៉ាងណា មន្ត្រីរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ នៅមិនទាន់បានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទនៃការរៀបចំព្រឹត្តិការណ៍នេះនៅឡើយទេ ដោយអាចនឹងប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំបន្តបន្ទាប់នាពេលខាងមុខ៕




អត្ថបទ៖ ដំបងក្រញូង

