ស្ថានការណ៍នៅឧបទ្វីបកូរ៉េទំនងជាកំពុងតែឡើងកម្ដៅជាថ្មីម្ដងទៀត នៅពេលដែលមនុស្សដ៏មានឥទ្ធិពលនៅទីក្រុងព្យុងយ៉ាងបានចេញមុខរិះគន់និងថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពនៃការចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាដ៏ធំសម្បើមរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង។

ផ្សាយដោយសារព័ត៌មាន Channel News Asia ដោយយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ នេះ លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហៅសកម្មភាពនេះថាជា «ការហាត់សមសង្គ្រាមឈ្លានពាន» ដែលកំពុងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ទាំងមូល។

លោកស្រី គីម យ៉ូជុង បានគូសបញ្ជាក់ថា សមយុទ្ធដែលមានឈ្មោះថា «ខែលសេរីភាព» ឬ Freedom Shield គឺជាភស្តុតាងដែលបង្ហាញពីគោលនយោបាយអរិភាពជាទម្លាប់របស់សម្ព័ន្ធមិត្តទាំងពីរចំពោះកូរ៉េខាងជើង។ ស្ត្រីដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើងរូបនេះបានសង្កត់ធ្ងន់ថា សមយុទ្ធនេះមានការចូលរួមពីកម្លាំងទ័ពជាង ១៨,០០០ នាក់។ ការធ្វើសមយុទ្ធត្រូវបានធ្វើឡើងទាំងយប់ទាំងថ្ងៃ គ្របដណ្តប់លើផ្ទៃដី ផ្ទៃទឹក ដែនអាកាស លំហអាកាស និងសន្តិសុខសាយប័រ។ ផ្ទុយទៅវិញ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានអះអាងថា សមយុទ្ធដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែមីនានេះ មានលក្ខណៈគ្រាន់តែជាការពារខ្លួនតែប៉ុណ្ណោះ។

កូរ៉េខាងត្បូងបានបន្តពន្យល់ទៀតថា នេះគឺជាការរៀបចំសេណារីយ៉ូដើម្បីទប់ស្កាត់ការគំរាមកំហែងពីអាវុធ​នុយ​ក្លេអ៊ែរ​របស់កូរ៉េខាងជើងប៉ុណ្ណោះ។ ក្រៅពីការបង្កើនសមត្ថភាពយោធា សមយុទ្ធឆ្នាំនេះក៏ជាជំហានដ៏សំខាន់សម្រាប់កូរ៉េខាងត្បូង ក្នុងគោលដៅរៀបចំការផ្ទេរអំណាចបញ្ជាប្រតិបត្តិការសម័យសង្គ្រាម ពីសហរដ្ឋអាមេរិកមកឱ្យខ្លួនវិញ។ គោលដៅនេះត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់ឱ្យបានមុនពេលចប់អាណត្តិរបស់ប្រធានាធិបតី លី ជេម្ញង់ (Lee Jae Myung) នៅឆ្នាំ ២០៣០។ ដោយឡែកសម្ពាធមួយនេះបានកើតឡើងតែមួយខែប៉ុណ្ណោះ បន្ទាប់ពីលោក គីម ជុងអ៊ុន បានប្រកាសនៅក្នុងមហាសន្និបាតបក្សថា នឹងយកចិត្តទុកដាក់លើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ការបន្តធ្វើសមយុទ្ធរបស់អាមេរិក-កូរ៉េខាងត្បូង និងការប្តេជ្ញាចិត្តពង្រឹងនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានធ្វើឱ្យអ្នកឃ្លាំមើលព្រឹត្តិការណ៍យល់ឃើញថា ឱកាសនៃការចរចាដើម្បីសន្តិភាពហាក់កំពុងស្ថិតក្នុងភាពស្រពិចស្រពិលបំផុត។ យ៉ាងណាមិញនៅពេលដែលទីក្រុងសេអ៊ូលចាត់ទុក សមយុទ្ធ «ខែលសេរីភាព» ជាខែលការពារសន្តិសុខ ប៉ុន្តែសម្រាប់ទីក្រុងព្យុងយ៉ាងបែរជាចាត់ទុកថាការដុតបញ្ឆេះភ្លើងសង្គ្រាម នោះការប៉ះទង្គិចពាក្យសម្តី និងការសម្ញែងសាច់ដុំយោធានេះ កំពុងធ្វើឱ្យពិភពលោកតាមដានដោយក្តីបារម្ភចំពោះសន្តិសុខនៅអាស៊ីបូព៌ា៕

Share.