ថ្លែងនៅរដ្ឋផ្លរីដា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារដ៏មានឥទ្ធិពលទៅកាន់ពិភពលោក អំពីលទ្ធភាពនៃការបញ្ចប់ជម្លោះយោធានៅមជ្ឈិមបូព៌ា និងវិធានការបន្ទាន់ដើម្បីដោះស្រាយវិបត្តិតម្លៃប្រេងឡើងថ្លៃ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CAN នាពេលថ្មីៗនេះ។

មេដឹកនាំសេតវិមាន បានបង្ហាញនូវក្តីរំពឹងខ្ពស់ថា ភ្លើងសង្គ្រាមនៅអ៉ីរ៉ង់នឹងត្រូវពន្លត់វិញក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើទោះបីជាមិនបានកំណត់កាលបរិច្ឆេទជាក់លាក់ ប៉ុន្តែលោកបានអះអាងថា ប្រតិបត្តិការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល សម្រេចបានលទ្ធផលយ៉ាងកម្រិតខ្ពស់។ លោកត្រាំ បានសង្កត់ធ្ងន់ថា រាល់ធនធានយោធា និងមេដឹកនាំសំខាន់ៗរបស់អ៉ីរ៉ង់ត្រូវបានកម្ទេចចោល ហើយអាមេរិកកំពុងរក្សាទុកគោលដៅយុទ្ធសាស្ត្រមួយចំនួនទៀត ដូចជាបណ្តាញអគ្គិសនី សម្រាប់ការវាយប្រហារបន្ថែម ប្រសិនបើចាំបាច់។

ងាកមកបញ្ហាសេដ្ឋកិច្ចសកលដែលកំពុងតែរង្គោះរង្គើខ្លាំងដោយសារតែភ្លើងសង្គ្រាមឆាបឆេះនិងកំពុងរីករាលដាលនៅមជ្ឈិមបូព៌ា លោក ត្រាំ បានឆ្លើយតបនឹងបញ្ហានេះ ដោយប្រកាសពីគម្រោងលើកលែងទណ្ឌកម្មលើការនាំចេញប្រេងមួយចំនួន។ វិធានការនេះធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវការផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់នៅលើទីផ្សារអន្តរជាតិ និងជំរុញឱ្យតម្លៃប្រេងធ្លាក់ចុះមកវិញ ដែលជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក។

ទន្ទឹមនឹងការចង់បានសន្តិភាពសម្រាប់ពិភពលោក លោក ត្រាំ ក៏បានបញ្ចេញយុទ្ធសាស្ត្រកណ្តាប់ដៃដែក ដោយបានព្រមានយ៉ាងច្បាស់បាញ់ត្រង់ទៅប្រទេសអ៊ីរ៉ង់ថា បើទីក្រុងតេហេរ៉ង់ ព្យាយាមរាំងខ្ទប់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូស នោះសហរដ្ឋអាមេរិកនឹងវាយបកវិញក្នុងកម្រិតមួយដែលមិនអាចស្មានដល់។ លោកត្រាំ បានបញ្ជាក់បន្ថែមថា ការវាយប្រហារនោះនឹងធ្វើឱ្យអ៉ីរ៉ង់ ឬអ្នកដែលចង់ជួយអ៉ីរ៉ង់ មិនអាចងើបឡើងវិញបានឡើយ។

សូមជម្រាបថា សេចក្តីថ្លែងការណ៍នេះបានកើតឡើងចំពេលដែលអ៉ីរ៉ង់ទើបតែបានជ្រើសរើសកូនប្រុសទីពីររបស់អតីតមេដឹកនាំកំពូល អាលី ខាមេនី គឺលោក ម៉ូតាបា អាលីខាមេនី ឱ្យឡើងមកដឹកនាំបន្ត ដោយលោក ត្រាំ នៅតែបន្តជំរុញឱ្យមានជ័យជម្នះចុងក្រោយ លើរបបដឹកនាំសាសនានៅអ៉ីរ៉ង់ ដើម្បីធានាថា ការគំរាមកំហែងនឹងត្រូវបានលុបបំបាត់ទាំងស្រុង៕

Share.