(ខេត្តកែប)៖ រដ្ឋបាលខេត្តកែប បាននិងកំពុងបង្ហាញជំហរដាច់ខាតក្នុងការទប់ស្កាត់បទល្មើសក្លែងបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល។
កាលពីព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកែប បានរៀបចំវេទិកាផ្សព្វផ្សាយទូលាយនូវ អនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ និង បទបញ្ជាលេខ ០១ បប ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងម្ចាស់អាជីវកម្មទេសចរណ៍សរុបប្រមាណ ៣៥៩ នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់យ៉ាងច្បាស់ថា រហូតមកដល់ពេលនេះ នៅទូទាំងខេត្តកែប ពុំមានទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។ លទ្ធផលនេះ កើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវវិធានការក្តៅក្នុងការបោសសម្អាតបទល្មើសបច្ចេកវិទ្យាឱ្យអស់ពីផ្ទៃប្រទេស។

វិធានការបន្ត៖ ពង្រឹងការចុះរដ្ឋបាលចំហរ និងកិច្ចសហការពីម្ចាស់អាជីវកម្ម
ទោះបីជាស្ថានភាពបច្ចុប្បន្នមានភាពល្អប្រសើរ ប៉ុន្តែដើម្បីបង្ការហានិភ័យដែលកកើតឡើងជាយថាហេតុ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នូវចំណុចសំខាន់ៗ រួមមាន៖
- បន្តចុះរដ្ឋបាលចំហរ៖ ត្រូវចុះត្រួតពិនិត្យជាប្រចាំនៅតាម សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ រីស៊ត ផ្ទះជួល និងទីតាំងសង្ស័យនានា។
- កិច្ចសហការពីវិស័យឯកជន៖ ម្ចាស់អាជីវកម្មស្នាក់នៅទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច បើមានការសង្ស័យថាមានសកម្មភាពមិនប្រក្រតី ឬបទល្មើសបច្ចេកវិទ្យាកើតឡើងក្នុងទីតាំងរបស់ខ្លួន។
- យន្តការរាយការណ៍៖ ជំរុញឱ្យប្រជាពលរដ្ឋចូលរួមធ្វើជា «ភ្នែកច្រមុះ» ក្នុងការផ្តល់ព័ត៌មាន ដើម្បីរួមគ្នាថែរក្សាខេត្តកែបឱ្យបន្តមាន «ភាពស្អាត សុវត្ថិភាព និងផាសុកភាព» សម្រាប់ទាំងអស់គ្នា។

តាមរយៈវេទិកានេះ រដ្ឋបាលខេត្តកែបសង្ឃឹមយ៉ាងមុតមាំថា ការយល់ដឹងពីទិដ្ឋភាពច្បាប់ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលសាធារណៈ និងវិស័យឯកជន នឹងក្លាយជាខែលការពារយ៉ាងរឹងមាំ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យាគ្រប់ទម្រង់ក្នុងទឹកដីខេត្តមាត់សមុទ្រមួយនេះ៕
អត្ថបទ៖ត្រយង
