
លោក វន សំភាស់ នាយកអង្គការអេដអេអាក់ស្យុង (Aide et Action) បានបង្ហាញពីសមិទ្ធផលថ្មីក្នុងវិស័យអប់រំតាមរយៈការបង្កើតបន្ទប់កុំព្យូទ័រ (Computer Lab) ដែលមានបំពាក់កុំព្យូទ័រចំនួន ៣០ គ្រឿង នៅក្នុងសាលាបឋមសិក្ខាប្រាសាទជាងទង ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាសាលារៀនទី ២០០ ដែលអង្គការ Aide et Action បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ គម្រោងនេះទទួលបានការគាំទ្រពីមូលនិធិអប់រំទាំងអស់គ្នា និងសហភាពអឺរ៉ុប ដោយមកទល់ពេលនេះ អង្គការបានដំឡើងកុំព្យូទ័រជិត ៣,០០០ គ្រឿងនៅតាមបណ្តាខេត្តនានា។

លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២៥ មក អង្គការបានពង្រីកសកម្មភាពរបស់ខ្លួនយ៉ាងខ្លាំងក្លា ដោយបង្កើនចំនួនសាលាដែលមានបន្ទប់កុំព្យូទ័រពី ២ សាលា រហូតដល់ ២០០ សាលា ក្រោមទម្រង់ជា PLP Action Lab។ បន្ទប់កុំព្យូទ័រទាំងនេះដំណើរការដោយប្រព័ន្ធ PLP ដែលជាផ្នែកមួយនៃកំណែទម្រង់របស់ក្រសួងអប់រំ និងប្រព័ន្ធសាលា CAM ដែលជាប្រព័ន្ធ Offline អនុញ្ញាតឱ្យកុមារអាចប្រើប្រាស់បណ្តាញសិក្សាបានដោយមិនចាំបាច់មានអ៊ីនធឺណិត។
គោលបំណងចម្បងនៃការបំពាក់កុំព្យូទ័រនេះ គឺដើម្បីលើកកម្ពស់គុណភាពនៃការរៀន និងការបង្រៀន ព្រមទាំងបង្កើនបំណិនឌីជីថលសម្រាប់កុមារ ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងថ្នាក់រៀន និងក្លាយជាចំណែកដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជានាពេលអនាគត។ ប្រព័ន្ធ PLP អនុញ្ញាតឱ្យសិស្សានុសិស្សអាចសិក្សាស្រាវជ្រាវមាតិកាអប់រំរាប់ម៉ឺន និងធ្វើតេស្តសំណួររាប់ម៉ឺនតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ លើសពីនេះ ប្រព័ន្ធក៏មានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយសម្រួលដល់លោកគ្រូអ្នកគ្រូក្នុងការកែសម្រួលលំហាត់ រៀបចំកិច្ចតែងការបង្រៀន និងតាមដានលទ្ធផលសិក្សារបស់សិស្សបានកាន់តែប្រសើរ។
ក្នុងឱកាសនៃការចុះទស្សនកិច្ចរបស់លោកជំទាវបណ្ឌិត ច័ន្ទ នី មកកាន់បន្ទប់ពិសោធន៍ទី ២០០ នេះ លោក វន សំភាស់ បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់ក្រសួងអប់រំ ក៏ដូចជាថ្នាក់ដឹកនាំចំពោះការផ្តល់អនុសាសន៍ និងការគាំទ្រលើការងារអភិវឌ្ឍន៍សាលារៀនទាំងលើផ្នែកបំណិនជីវិត គុណធម៌ និងជំនាញឌីជីថល។
លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ថវិកាបដិភាគ” ពីសំណាក់មាតាបិតា និងសហគមន៍ ដែលបានចូលរួមចំណែកយ៉ាងសកម្មចាប់ពី ១,០០០ រៀល ទៅ ២,០០០ រៀល ឬ ១ ដុល្លារ ដើម្បីជួយពង្រីកចំនួនកុំព្យូទ័រនៅក្នុងសាលានីមួយៗ ពី ២០ គ្រឿង រហូតដល់ ៥០ ឬ ៦០ គ្រឿងក៏មាន។ លោកបានអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ ឱ្យបន្តចូលរួមគាំទ្រដល់ការបំពាក់ឧបករណ៍បច្ចេកវិទ្យានៅតាមសាលារៀន និងលើកទឹកចិត្តឱ្យសិស្សានុសិស្សប្រើប្រាស់ថ្នាល PLP និងថ្នាលឌីជីថលផ្សេងៗទៀត ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំ និងបំណិនឌីជីថលសម្រាប់កុមារកម្ពុជាឱ្យកាន់តែរីកចម្រើន៕



