ភ្នំពេញ៖ ជនបរទេសសរុបចំនួន ៧២៤នាក់ ក្នុងនោះមានស្ត្រី ១៦៣នាក់ ដែលមានសញ្ជាតិចំនួន ១៥ ត្រូវបានអាជ្ញាធរកម្ពុជា បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីរកឃើញពាក់ព័ន្ធនឹងបទល្មើសលួចឆ្លងដែនដោយខុសច្បាប់ និងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

ការបណ្ដេញចេញនេះ អនុវត្តតាមអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយមានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបរទេសដែលស្នាក់នៅ និងប្រកបសកម្មភាពខុសច្បាប់នៅកម្ពុជា។
ជនបរទេសទាំងនេះមានសញ្ជាតិដូចជា ចិន ជប៉ុន ប៉ាគីស្ថាន ឥណ្ឌា យូហ្គង់ដា ឥណ្ឌូនេស៊ី ចិនតៃវ៉ាន់ កូរ៉េ ហ្វីលីពីន នេប៉ាល់ វៀតណាម បង់ក្លាដេស អេត្យូពី នីហ្សេរីយ៉ា និងកាមេរូន។ ពួកគេត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងច្រកទ្វារព្រំដែនអន្តរជាតិបាវិត។

តាមការបញ្ជាក់របស់អាជ្ញាធរ ជនបរទេសទាំងនេះពាក់ព័ន្ធនឹងករណីលួចឆ្លងដែន ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ធ្វើការងារខុសច្បាប់ និងពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។
អាជ្ញាធរបានបញ្ជាក់ថា ការបណ្ដេញចេញជនបរទេសខាងលើ គឺជាការអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្នុងតំបន់។

ជាមួយគ្នានេះ អាជ្ញាធរនឹងបន្តស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះមេខ្លោងដែលនៅពីក្រោយសកម្មភាពខុសច្បាប់ទាំងនេះ ខណៈជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពឆបោក ត្រូវបានជួយសង្គ្រោះ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ៕
អត្ថបទ៖ ចតុម្មុខ

