ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំពិធីប្រារព្ធ ទិវាជាតិអំណាន ១១ មីនា យ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ទិវាជាតិអំណានឆ្នាំនេះត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សំណេរនិងអំណានក្នុងបរិបទថ្មី» ។ ពិធីនេះមានគោលបំណងសំខាន់ៗដូចជា៖

  • រំលឹកគុណូបការៈ៖ បង្ហាញស្មារតីដឹងគុណចំពោះវីរភាពរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានការពារមរតកអក្សរសាស្ត្រខ្មែរ ។
  • បណ្តុះទម្លាប់អាន៖ ជំរុញវប្បធម៌អានពេញមួយជីវិត ដើម្បីលើកកម្ពស់គុណភាពជីវិត និងសុខភាពខួរក្បាល ។
  • ការសម្របខ្លួននឹងបច្ចេកវិទ្យា៖ លើកកម្ពស់ការអាន និងសរសេរតាមគ្រប់មធ្យោបាយ រួមទាំងឧបករណ៍ឌីជីថល និងទូរសព្ទវៃឆ្លាត ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល និងបញ្ហាសិប្បនិម្មិត (AI) ។

សមិទ្ធផល និងវឌ្ឍនភាពនៃវិស័យអប់រំ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងពីលទ្ធផលគួរឱ្យកត់សម្គាល់នៃសមត្ថភាពអំណានរបស់សិស្សកម្ពុជា៖

  • លទ្ធផល SEA-PLM ឆ្នាំ២០២៤៖ ពិន្ទុមធ្យមផ្នែកអំណានរបស់សិស្សកម្ពុជាបានកើនឡើងដល់ ៣០០ ពិន្ទុ ដែលស្ថិតក្នុងកម្រិតមធ្យមភាគអាស៊ាន ។
  • កំណើនសិស្សឆ្នើម៖ អត្រាសិស្សដែលមានសមត្ថភាពអំណានខ្ពស់បានកើនឡើងពី ២៧% (ក្នុងឆ្នាំ២០១៩) ដល់ ៣៩% (ក្នុងឆ្នាំ២០២៤)
  • ការកាត់បន្ថយអក្ខរកម្មទាប៖ អត្រាសិស្សដែលមិនអាចអានអត្ថបទងាយៗបាន បានថយចុះពី ៤៧% មកនៅត្រឹម ៣៧%

សកម្មភាពសំខាន់ៗក្នុងទិវាជាតិអំណាន

ក្នុងឱកាសនេះ ក៏មានការរៀបចំកម្មវិធីប្រកួតប្រជែងយ៉ាងច្រើនកុះករ រួមមាន៖

  1. ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន៖ ការប្រឡងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ សម្រាប់សិស្សានុសិស្ស ។
  2. ការប្រកួតប្រជែងសម្រាប់សាធារណជន៖ ការបកស្រាយអត្ថបទឧស្សាហ៍កថា ក្រោមប្រធានបទ «ការបណ្តុះមនសិកាជាតិ» និងការតែងនិពន្ធប្រលោមលោកខ្នាតខ្លី «ខ្ញុំស្រឡាញ់ភូមិខ្ញុំ» ។
  3. ពិព័រណ៍សៀវភៅ៖ មានស្តង់ពិព័រណ៍ចំនួន ១១៤ ស្តង់ មកពីស្ថាប័នរដ្ឋ និងឯកជន ដែលប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ

អនុសាសន៍ និងការអំពាវនាវ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍សំខាន់ៗដើម្បីពង្រឹងវប្បធម៌អំណាន ៖

  • អ្នកនិពន្ធ៖ បន្តនិពន្ធ និងបោះពុម្ពស្នាដៃឱ្យកាន់តែសម្បូរបែប ជាពិសេសភាសាខ្មែរ ។
  • គ្រឹះស្ថានសិក្សា៖ បន្តបង្កើតបណ្ណាល័យ ឬ «ជ្រុងអំណាន» ដើម្បីផ្តល់ឱកាសដល់សិស្សនិស្សិតបានអានបន្ថែម ។
  • មាតាបិតា៖ ជួយជំរុញ និងវិនិយោគលើការទិញសៀវភៅ និងសម្ភារសិក្សាដល់កូនៗ ដែលជាការវិនិយោគដ៏សំខាន់សម្រាប់អនាគត ។

ពិធីនេះបានបញ្ចប់ទៅដោយជោគជ័យ ក្នុងស្មារតីរួមគ្នាថា «អំណានពង្រីកស្មារតី សំណេរកសាងអនាគត» ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ៕

អត្ថបទ៖ត្រយង

Share.