ភ្នំពេញ៖ ក្រោយពីម្ចាស់ភាគហ៊ុនជាង៣០នាក់ ដែលកាន់កាប់ភាគហ៊ុនសរុបប្រមាណ ៩៣% នៃសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី៥ ចំការដូង បានចេញមុខចោទប្រកាន់ នាយកសាលា លោក កុល ចិន្តា និងនាយករង លោក ហ៊ីម ហុកលេង ថាបានស៊ីដាច់ប្រាក់របស់ក្រុមហ៊ុន និងក្លែងបន្លំយកសាលាធ្វើជាកម្មសិទ្ធិផ្តាច់មុខ ទើបនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ម្សិលមិញនេះ លោកស្រី កុល ចិន្តា នាយិកា និង លោក ហ៊ីម ហុកលេង សមាជិកក្រុមប្រឹក្សាភិបាល សាលា បានចេញមកបំភ្លឺ និង ច្រានចោលព័ត៌មានមិនពិតទាំងនោះ។


តាមលោកស្រី កុល ចិន្តា និងលោក ហ៊ីម ហុកលេង បានបញ្ជាក់ថា ករណីជម្លោះភាគហ៊ុននេះ មិនពាក់ព័ន្ធសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី៥ឡើយ វាជារឿងរកស៊ីផ្សែង ដែលបានបង្កជារឿងចោទប្រកាន់គ្មានមូលដ្ឋាន ពិសេសលោកស្រីក៏មានភសត្ភុតាងជាច្រើនដើម្បីបញ្ជាក់ការពិតដែរ។

គួររំលឹកដែរថា នៅពេលថ្មីនេះ មានម្ចាស់ភាគហ៊ុនប្រមាណ៣០នាក់ដែលអះអាងថា មានភាគហ៊ុនសរុបប្រមាណ ៩៣% នៃសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទី៥ ចំការដូង នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នានៅមុខសាលាដោយ បានចេញមុខចោទប្រកាន់ នាយកសាលា លោក កុល ចិន្តា និងនាយករង លោក ហ៊ីម ហុកលេង ថាបានស៊ីដាច់ប្រាក់របស់ក្រុមហ៊ុន និងក្លែងបន្លំយកសាលាធ្វើជាកម្មសិទ្ធិផ្តាច់មុខ ហើយក៏បានស្នើសុំឱ្យ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចូលស្រាវជ្រាវករណី ដើម្បីរកយុត្តិធម៌ជូនម្ចាស់ភាគហ៊ុនទាំងអស់ផង។



