
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញកង្វល់យ៉ាងខ្លាំងចំពោះសន្តិសុខថាមពលជាតិ ដោយលោកបានទទូចឱ្យមានការដាក់ចេញនូវវិធានការអនុវត្តជាក់លាក់ភ្លាមៗ ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈ។ តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ នេះ លោកបណ្ឌិតបានគូសបញ្ជាក់ថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាមិនត្រឹមតែបង្កជាវិបត្តិសកលរ៉ាំរ៉ៃប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងរុញច្រានឱ្យមានការប្រែប្រួលសណ្ដាប់ធ្នាប់សកល និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ដុនដាបដល់ចំណុចសូន្យទៀតផង។

ក្នុងបរិបទនៃវិបត្តិសកលនេះ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចគេចផុតពីផលប៉ះពាល់ទាំងនេះបានឡើយ ជាពិសេសនៅពេលដែលប្រទេសជាតិត្រូវប្រឈមមុខបន្ថែមជាមួយនឹងវិបត្តិដែលកើតចេញពីការឈ្លានពានរបស់ថៃ។ បញ្ហាប្រឈមដ៏ស្រួចស្រាវបំផុតដែលលោកបានលើកឡើង គឺបរិមាណស្តុកប្រេងឥន្ធនៈ ដែលជាប្រភពថាមពលដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច សង្គម និងជាសសរស្តម្ភនៃស្ថិរភាពជាតិទាំងមូល។ ដើម្បីទប់ស្កាត់កង្វះខាតប្រេងនៅក្នុងខ្សែច្រវាក់ផលិតកម្ម លោកបានអំពាវនាវឱ្យទាំងរដ្ឋ និងប្រជាពលរដ្ឋរួមគ្នាអនុវត្តវិធានការសន្សំសំចៃឱ្យដល់កម្រិតខ្ពស់បំផុត។
ជាមួយគ្នានេះ លោកបណ្ឌិតបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីបង្ការកុំឱ្យក្រុមឈ្មួញឆ្លៀតឱកាសកេងចំណេញលើវិបត្តិដ៏ធំមួយនេះ។ លោកក៏បានលើកទឹកចិត្តឱ្យសាធារណជនងាកមកជ្រើសរើសការធ្វើដំណើររួមគ្នា ខណៈដែលរដ្ឋគួរតែបង្កើនចំនួនរថយន្តក្រុងសាធារណៈក្នុងទីប្រជុំជន និងពង្រីកគោលដៅរត់ឱ្យបានកាន់តែច្រើន។ បន្ថែមពីនេះ ការកាត់បន្ថយ ឬលើកលែងពន្ធនាំចូលចំពោះយានយន្តអគ្គិសនី ក៏ជាដំណោះស្រាយយូរអង្វែងមួយដែលលោកបានលើកឡើង រួមជាមួយនឹងការរៀបចំតារាងចែកវេនគ្នាបំពេញការងារពីផ្ទះ ដើម្បីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈលើការធ្វើដំណើរប្រចាំថ្ងៃ។
ជាចុងក្រោយ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ជាយុទ្ធសាស្ត្រថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រេងឥន្ធនៈបម្រុងសម្រាប់ប្រតិបត្តិការយោធាត្រូវតែធានាសុវត្ថិភាព និងរក្សាទុកឱ្យបានដាច់ខាត ដើម្បីការពារបូរណភាពទឹកដី និងសន្តិសុខជាតិឱ្យមានភាពរឹងមាំជានិច្ច៕

