ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើគម្រោងរៀបចំព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ ស.ស.យ.ក. ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី គណៈបញ្ជាការឯកភាព និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ។ ឯកឧត្តមអភិបាលបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការ ដើម្បីរួមចំណែកថែរក្សាអត្តសញ្ញាណជាតិ និងពង្រឹងសាមគ្គីភាពដែលជាគ្រឹះដ៏រឹងមាំនៃការពារជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីគោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍នេះ រួមមាន៖

  • ពង្រឹងស្មារតីមហាគ្រួសារខ្មែរ៖ បង្កើតបរិយាកាសសប្បាយរីករាយ និងការជួបជុំគ្នារបស់ប្រជាពលរដ្ឋ។
  • ជំរុញសេដ្ឋកិច្ច និងទេសចរណ៍៖ ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
  • ការដឹងគុណចំពោះវីរកងទ័ព៖ ផ្សារភ្ជាប់ព្រឹត្តិការណ៍នេះទៅនឹងការរំលឹកគុណូបការៈចំពោះកងទ័ពជួរមុខ ដែលបានលះបង់ដើម្បីសុខសន្តិភាព។
  • ការផ្សព្វផ្សាយអត្តសញ្ញាណខ្មែរ៖ បង្ហាញទៅកាន់ពិភពលោកនូវភាពរឹងមាំ និងសាមគ្គីភាពរបស់ខ្មែរ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ សប្បាយណា ក៏បានធ្វើបទបង្ហាញលម្អិតអំពីផែនការសកម្មភាព ទីតាំងរៀបចំ និងកម្មវិធីកម្សាន្តនានា ដែលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង ដើម្បីឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ និងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវីរកងទ័ពជាតិ។

ព្រឹត្តិការណ៍ដែលនឹងរៀបចំឡើងនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ រំពឹងថានឹងក្លាយជាវេទិកាដ៏មានអត្ថន័យ ក្នុងការបង្ហាញពីភាពរីកចម្រើន និងសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរ ក្រោមដំបូលនៃសុខសន្តិភាព៕

អត្ថបទ៖ត្រយង

Share.