(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងជាសាធារណៈស្តីពី «ការសម្របសម្រួលទីផ្សារកសិផលក្នុងស្រុក» ដើម្បីធានាបាននូវស្ថិរភាពតម្លៃ និងការពារផលប្រយោជន៍ជូនបងប្អូនប្រជាកសិករ ជាពិសេសក្នុងអំឡុងពេលប្រមូលផលដែលតែងតែជួបបញ្ហាកកស្ទះទីផ្សារ។

ក្នុងរយៈពេលថ្មីៗនេះ ក្រុមការងារមន្ទីរពាណិជ្ជកម្មបានចុះអនុវត្តការងារយ៉ាងសកម្មនៅតាមបណ្តាខេត្តនានា ជាពិសេសនៅ ខេត្តបាត់ដំបង ដោយបានសហការជាមួយវិស័យឯកជន ដើម្បីប្រមូលទិញបន្លែគ្រប់ប្រភេទ រួមមាន៖ ត្រប់ស្រួយ និងត្រប់វែង ដែលកំពុងមានការកកស្ទះទីផ្សារ ក្នុងតម្លៃសមរម្យមួយដែលអាចទទួលយកបាន។ ក្រសួងក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងបន្តតាមដានយ៉ាងសកម្មនៅតាមបណ្តារាជធានី-ខេត្តផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។

ដើម្បីឱ្យការជួយសង្គ្រោះទីផ្សារកាន់តែមានប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ផ្តល់ព័ត៌មានជាបន្ទាន់អំពីករណីកកស្ទះកសិផលមកកាន់៖ ១. មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដែលនៅជិតលោកអ្នកបំផុត។ ២. នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន (អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស) តាមរយៈលេខទូរសព្ទ៖០១២ ៧២៣ ៦៤៥ ,០១២ ២៥៩ ៩៩៧ ៣. ប្រព័ន្ធទូរសព្ទសេវាសាធារណៈរបស់ក្រសួង (Hotline)៖ លេខ ១២៦៦

ក្រសួងពាណិជ្ជកម្មសង្ឃឹមយ៉ាងមុតមាំថា កិច្ចអន្តរាគមន៍នេះនឹងជួយសម្រាលការលំបាករបស់កសិករ និងជួយឱ្យខ្សែច្រវាក់ផលិតកម្មកសិកម្មក្នុងស្រុកដំណើរការទៅដោយរលូន៕

Share.